(វ៉ាស៊ីនតោន)៖ សេតវិមានលោក ដូណាល់ ត្រាំ បានសម្រេចអនុវត្តវិធានការរឹតត្បិត កាលធ្វើដំណើរជាមួយប្រេស៊ីលហើយ ដោយសារតែប្រជាជាតិធំបំផុត នៅអាមេរិកឡាទីនមួយនេះ បានក្លាយជាប្រទេសជាប់លេខ ២ បន្ទាប់ពីអាមេរិក ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេបំផុតលើលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០។
សេចក្តីថ្លែងការណ៍ពីសេតវិមាន នៃរដ្ឋធានីវ៉ាស៊ីនតោន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃនេះ លោកប្រធានាធិបតី (ដូណាល់ ត្រាំ) បានចេញសេចក្តីសម្រេចមួយ ដើម្បីការពារប្រទេសរបស់យើង។ អ្នកទាំងឡាយណា ដែកធ្លាប់ស្នាក់នៅប្រេស៊ីល នៅក្នុងរយៈពេល ១៤ថ្ងៃចុងក្រោយនេះ នឹងមិនអាចចូលមកក្នុងសហរដ្ឋអាមេរិកបានទេ»។
គួរបញ្ជាក់ថា ការរឹតត្បិតខាងលើនេះ នឹងមិនត្រូវបានអនុវត្ត ទៅលើការជួញដូរពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងប្រេស៊ីលនោះឡើយ ហើយវានឹងចាប់ផ្តើមអនុវត្តន៍ ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះតទៅ។ គិតត្រឹមរសៀលថ្ងៃអាទិត្យ ទី២៤ ខែឧសភា (ម៉ោងនៅរដ្ឋធានីប្រេស៊ីឡា) ប្រទេសប្រេស៊ីលមានករណីឆ្លង COVID-19 សរុប ៣៦៣,៦១៨ករណី ក្នុងនោះស្លាប់ ២២,៧១៦នាក់ និងជាសះស្បើយ ១៤៩,៩១១នាក់ ខណៈសហរដ្ឋអាមេរិកវិញ មានអ្នកឆ្លងរហូតដល់ ១.៦៨លាននាក់ឯណោះ៕