(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres ទើបតែបានប្រកាសថា រូបលោកស្វាគមន៍ ចំពោះសេចក្តីប្រកាសរវាងក្រុមឧទ្ទាមតាលីបង់ និងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ស្តីពីបទឈប់បាញ់ជាបណ្តោះអាសន្ន ដើម្បីឲ្យ ប្រជាជនអាហ្វហ្គានីស្ថាន ប្រារព្ធការអបអរសម្រាប់ឱកាសបិទបញ្ចប់ខែបួសរ៉ាម៉ាឌនប្រពៃណីអ៉ីស្លាម ដោយសុវត្ថិភាព។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២០។
ទន្ទឹមគ្នានោះដែរ ប្រមុខដឹកនាំ UN បានទទូចឲ្យគ្រប់ភាគីដែលពាក់ព័ន្ធក្តាប់យកឱកាសនេះ ដើម្បីឆ្ពោះទៅរកការសម្រេចឲ្យបាន នូវកិច្ចព្រមព្រៀងសន្តិភាពផ្លូវការមួយ។ លោក Guterres បានសង្កត់ធ្ងន់ថា មានតែកិច្ចព្រមព្រៀងដែលសម្រេចបានដោយសន្តិវិធី ប៉ុណ្ណោះ ទើបអាចបញ្ចប់ភាពរងទុក្ខវេទនាក្នុងប្រទេសអាហ្វហ្គានីស្ថានបាន ហើយ UN នៅតែប្តេជ្ញាគាំទ្រប្រជាជននិងរដ្ឋាភិបាល អាហ្វហ្គានីស្ថាន ក្នុងកិច្ចប្រឹងប្រែងសម្រេចឲ្យបានគោលដៅដ៏សំខាន់នេះ។
គួរជម្រាបថា ក្រុមឧទ្ទាមតាលីបង់ បានប្រកាសបទឈប់បាញ់រយៈពេល០៣ថ្ងៃ សម្រាប់ឱកាសបិទបញ្ចប់ខែបួសរ៉ាម៉ាឌន ដោយ គិតចាប់ពីថ្ងៃអាទិត្យនេះទៅ ហើយខាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ក៏បានប្រកាសដូចគ្នាដែរ៕