(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិន នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០ នេះបានឲ្យដឹងថា ពុំមានករណីឆ្លងក្នុងស្រុក ឬនាំចូល COVID-19 ពីក្រៅប្រទេសត្រូវបានរកឃើញនោះឡើយ នៅក្នុងរយៈពេលពេញមួយថ្ងៃសុក្រម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
មិនត្រឹមតែគ្មានករណីឆ្លងថ្មីនោះទេ ដោយសូម្បីតែអ្នកស្លាប់ក៏មិនមានដែរ នៅក្នុងរយៈពេលដូចគ្នា ខណៈអ្នកជំងឺ COVID-19 ចំនួន ០៣នាក់បន្ថែមទៀត បានជាសះស្បើយ ធ្វើឲ្យចំនួនអ្នកជាសះស្បើយពីជំងឺនេះនៅចិន សរុបកើនឡើងដល់ ៧៨,២៥៨នាក់។ ដោយឡែកអ្នកជំងឺ COVID-19 ចំនួន ៧៩នាក់ទៀត កំពុងស្ថិតនៅក្នុងការព្យាបាល។
គួរបញ្ជាក់ថា ការគ្មានអ្នកឆ្លងបន្ថែមទៀតនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 នៅចិនស្ថិតនៅត្រឹម ៨២,៩៧១ករណីដដែល ហើយចំនួនអ្នកស្លាប់សរុបវិញ ក៏ស្ថិតនៅ ៤,៦៣៤នាក់ដដែលផងដែរ។ ដោយឡែកសម្រាប់ករណីនាំចូល COVID-19 វិញមានសរុបចំនួន ១,៧១១ករណី ក្នុងនោះ ១,៦៧០នាក់ជាសះស្បើយ, ៤១នាក់បន្តសម្រាកព្យាបាល និងគ្មានករណីស្លាប់នោះទេ៕