(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកមានគម្រោងធ្វើតេស្ដទ្រង់ទ្រាយធំលើវ៉ាក់សាំង COVID-19 លើមនុស្សច្រើនជាង ១០០,០០០នាក់ ដើម្បីសម្រេចឱ្យបាននូវវ៉ាក់សាំង ដែលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពនៅត្រឹមចុងឆ្នាំ២០២០។ នេះបើតាមលោក ឡារី ខូរ៉េយ (Larry Corey) ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០។
លោកវេជ្ជបណ្ឌិត Larry Corey ជាអ្នកជំនាញវ៉ាក់សាំងមកពីមជ្ឈមណ្ឌលជំងឺមហារីក ហ្វ្រេដ ហ៊ូតជីនសុន (Fred Hutchinson Cancer Center) ក្នុងទីក្រុង ស៊ីតថល (Seattle) បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) យ៉ាងបញ្ជាក់ដូច្នេះថា «អ្នកស្ម័គ្រចិត្តចន្លោះពី ១០០,០០០នាក់ ដល់ ១៥០,០០០នាក់អាចនឹង ចុះឈ្មោះក្នុងការធ្វើតេស្ដទ្រង់ទ្រាយធំលើវ៉ាក់សាំង COVID-19»។
លោក Larry Corey បានបន្ថែមថា គម្រោងនេះនឹងបង្រួមរយៈពេលផលិត និងអភិវឌ្ឍវ៉ាក់សាំងដែលជាធម្មតាត្រូវចំណាយពេល ១០ឆ្នាំ ឱ្យមកត្រឹមប៉ុន្មានច្រើនខែ ដើម្បីចូលរួមជាបន្ទាន់ក្នុងការកម្ចាត់ COVID-19 ដែលបានផ្ដាច់ជីវិតមនុស្សច្រើនជាង ៣៣៥,០០០នាក់ និងឆ្លងច្រើនជាង ៥លាននាក់នៅទូទាំងពិភពលោក ខណៈសេដ្ឋកិច្ចសកលកំពុងរង្គោះរង្គើរ។
គួរបញ្ជាក់ថា ដើម្បីសម្រេចវត្ថុបំណងខាងលើ ក្រុមហ៊ុនអ្នកផលិតវ៉ាក់សាំងឈានមុខគេមួយចំនួន បានយល់ព្រមចែករំលែកទិន្នន័យ និងអនុញ្ញាតប្រើប្រាស់នូវបណ្ដាញ ធ្វើតេស្ដរបស់ពួកគេទៅកាន់គូប្រជែង នៅក្នុងករណីដែលការធ្វើតេស្ដរបស់ពួកគេបរាជ័យ។ វ៉ាក់សាំងច្រើនដែលបានបង្ហាញសុវត្ថិភាព នៅក្នុងការធ្វើតេស្ដទ្រង់ទ្រាយតូច នាពេលកន្លងមកនឹងត្រូវបានធ្វើតេស្ដទ្រង់ទ្រង់ធំបង្គួរ ដោយមានអ្នកស្ម័គ្រចិត្តចូលរួម ២០,០០០នាក់ ដល់ ៣០,០០០នាក់ ដែលគ្រោងនឹងចាប់ផ្ដើមនៅខែកក្កដា ខាងមុខ៕