Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការព្យាករណ៍មួយបង្ហាញថា លោក ដូណាល់ ត្រាំ «នឹងចាញ់» ក្នុងបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២០

21-05-2020 18:43

(វ៉ាស៊ីនតោន)៖ ការព្យាករណ៍មួយរបស់ក្រុមហ៊ុន Oxford Economics បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងទទួលបរាជ័យយ៉ាងធ្ងន់ក នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅក្នុងខែវិច្ឆិកាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០។

បើតាមការព្យាករណ៍ខាងលើ ដែលធ្វើឡើងដោយផ្អែកលើបញ្ហាសេដ្ឋកិច្ច, ការកើនឡើងអត្រាអ្នកគ្មានការងារធ្វើ, អតិផរណា និងបញ្ហាប្រាក់ចំណូលរបស់ប្រជាជនអាមេរិក បង្កឡើងដោយវិបត្តិ COVID-19 លោក ដូណាល់ ត្រាំ នឹងទទួលបានសំឡេងបោះឆ្នោតពីប្រជាជន ឬ popular vote តែ ៣៥ភាគរយប៉ុណ្ណោះ បន្ទាប់ពីការព្យាករណ៍កាលពីលើកមុន ពោលគឺមុនការឆ្លងរាតត្បាត នៃជំងឺដ៏កាចសាហាវមួយនេះឱ្យដឹងថា លោកអាចនឹងទទួលបានសំឡេង popular vote រហូតដល់ ៥៥ភាគរយឯណោះ។

ដោយឡែក បើតាមគិតពីសំឡេងប្រតិភូវិញ លោក ត្រាំ អាចនឹងទទួលបានសំឡេងប្រតិភូ ដែលធ្លាប់រំពឹងថា នឹងបានដល់ ៣២៨ គឺធ្លាក់មកនៅត្រឹមតែ ២១០សំឡេងប៉ុណ្ណោះ ខណៈដើម្បីកាន់តំណែងជាប្រធានាធិបតីអាមេរិក សម្រាប់អាណត្តិថ្មីបាន លោកចាំបាច់មានសំឡេងប្រតិភូចំនួន ២៧០ ឡើងទៅឯណោះ។ តែទោះជាបែបនេះក្ដី អ្នកជំនាញមួយចំនួនដូចជា លោក ហ្គ្រេន វ៉ាល្លឺ (Greg Valliere) ជាប្រធានយុទ្ធសាស្ត្រនយោបាយអាមេរិក ប្រចាំក្រុមហ៊ុន AGF Investments យល់ថា ការព្យាករណ៍បែបនេះ ដូចជាលឿនពេក។

លោក ហ្គ្រេន វ៉ាល្លឺ បានបន្ថែមថា បើសិនជាការបោះឆ្នោតប្រធានាធិបតីអាមេរិក ធ្វើឡើងក្នុងពេលឥឡូវនេះ អតីតអនុប្រធានាធិបតី និងជាបេក្ខជនប្រធានាធិបតីមកពីគណបក្ស ប្រជាធិបតេយ្យ លោក ចូ បៃដិន (Joe Biden) ទំនងជាអាចនឹងឈ្នះលោក ដូណាល់ ត្រាំ។ ក៏ប៉ុន្តែបើគិតពីពេលនេះរហូតដល់ខែវិច្ឆិកា វានឹងផ្ដល់ពេលវេលាឱ្យលោក ត្រាំ ចាប់ផ្ដើមការជជែកដេញដោលឡើងវិញពីលោក Biden ហើយនិងរកវិធី ទម្លាក់ការទទួលខុសត្រូវទាំងឡាយនៃជំងឺ COVID-19 ទៅលើចិន។

គួរជម្រាបថា ការព្យាកណ៍របស់ Oxford Economics ពីសំឡេង popular vote មិនដែលខុសឡើយចាប់តាំងពីការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ១៩៤៨ មក លើកលែងតែនៅឆ្នាំ១៩៦៨ និងឆ្នាំ១៩៧៦ ប៉ុណ្ណោះ៕