(តៃប៉ិ)៖ រដ្ឋាភិបាលអាមេរិកបានជូនដំណឹងដល់សភាជាតិពីលទ្ធភាព នៃការលក់មីស៊ីលបច្ចេកវិទ្យា ថូផេដាស (torpedoes) ដែលអាចបំពាក់លើនាវាមុជទឹក ឬជាប្រភេទមីស៊ីលប្រដេញក្នុងទឹក ក្នុងតម្លៃប្រមាណ ១៨០លានដុល្លារ ឱ្យកោះតៃវ៉ាន់ ប៉ុន្តែការប្រកាសលក់អាវុធបែបនេះ ជារឿយៗតែងតែបង្កឱ្យចិនផ្ទុះកំហឹង និងធ្វើឱ្យស្ថានភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ កាន់តែតានតឹង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០។
នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ទីភ្នាក់ងារនៃកិច្ចសហប្រតិបត្តិការសន្តិសុខ ការពារជាតិអាមេរិកបានបញ្ជាក់ថា ក្រសួងការបរទេសអាមេរិក បានអនុម័តលើការលក់មីស៊ីល 18 MK-48 Mod6 ក្នុងតម្លៃ ១៨០លានដុល្លារឱ្យកោះតៃវ៉ាន់ដើម្បីអភិវឌ្ឍ និងបង្កើនសមត្ថភាពការពារជាតិ។ ទីភ្នាក់ងារមួយនេះបន្ថែមទៀតថា ខ្លួនបានជូនដំណឹងពីការអាវុធនេះ ដល់សភាទាំងពីររបស់សហរដ្ឋអាមេរិកហើយ។
គួរបញ្ជាក់ថា ការប្រកាសលក់អាវុធខាងលើឱ្យកោះតៃវ៉ាន់ កើតមានឡើងក្នុងតែថ្ងៃមួយ ដែលលោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) ស្បថឡើងកាន់តំណែងជាប្រធានាធិបតីតៃវ៉ាន់ សម្រាប់អាណត្តិទី ២ របស់លោកស្រី។ ទន្ទឹមគ្នានេះលោកស្រី ត្សៃ ក៏បានបញ្ជាក់ជាថ្មីឡើងវិញផងដែរថា កោះតៃវ៉ាន់ត្រូវការកិច្ចសន្ទនាជាមួយទីក្រុងប៉េកាំង ប៉ុន្តែមិនអាចទទួលយកបានជាដាច់ខាតនយោបាយ «ប្រទេសមួយប្រព័ន្ធពីរ»។ ចិនជារឿយៗតែងតែថ្កោលទោស ចំពោះការលក់អាវុធរបស់សហរដ្ឋអាមេរិក ឱ្យកោះតៃវ៉ាន់ដែលខ្លួនចាត់ទុកគ្រាន់តែខេត្តមួយរបស់ចិនតែប៉ុណ្ណោះ ហើយថានឹងប្រើប្រាស់កម្លាំងយោធាបង្រួបបង្រួមជាតិនៅក្នុងករណីដែល តៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ៕