Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នឹងបន្តជួយគាំទ្រ WHO ក្នុងការដើរតួនាទីនាំមុខ ប្រយុទ្ធប្រឆាំងនឹង COVID-19 (Video inside)

21-05-2020 09:51

(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីថ្ងៃពុធសប្តាហ៍បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយប្រទេសមីយ៉ាន់ម៉ា និងបណ្តាប្រទេសដទៃទៀតនៅជុំវិញពិភពលោក ក្នុងការបន្តជួយគាំទ្រដល់អង្គការសុខភាពពិភពលោក WHO ដែលកំពុងដើរតួនាទីនាំមុខគេ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០។

លោក ស៊ី ជិនពីង បានធ្វើការកត់សំគាល់ដូចខាងលើនេះ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ច ជាមួយសមភាគីមីយ៉ាន់ម៉ាលោកប្រធានាធិបតី យូ វីន ម្យីន (U Win Myint) កាលពីថ្ងៃពុធម្សិលមិញនេះ។ នាឱកាសនោះ ប្រធានាធិបតីចិនរូបនេះ ក៏បានអំពាវនាវឲ្យមានការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីគាំទ្រដល់ភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ ក៏ដូចជាបទដ្ឋានមូលដ្ឋានក្នុងទំនាក់ទំនងអន្តរជាតិ និងជ័យជម្នះរួមមួយ ក្នុងការប្រយុទ្ធដើម្បីសុខភាពពិភពលោក។

លោក ស៊ី ជិនពីង បានសង្កត់ធ្ងន់ទៀតថា ប្រទេសចិននឹងបន្តផ្តល់ការគាំទ្រដល់បណ្តាប្រទេសជិតខាងរបស់ខ្លួននៅអាស៊ី ឲ្យអស់ពីលទ្ធភាពដែលខ្លួនមាន ស្របតាមតម្រូវការជាក់ស្តែង។ លោកប្រធានាធិបតីចិនក៏បានបង្ហាញជំនឿចិត្តថា ប្រទេសមីយ៉ាន់ម៉ានឹងអាចយកឈ្នះ ជំងឺរាតត្បាតសកលមួយនេះ។

ចំណែកឯភាគីមីយ៉ាន់ម៉ា លោក U Win Myint បានថ្លែងអំណរគុណដល់ភាគីចិន ដែលបានផ្តល់ការគាំទ្រ និងជំនួយដល់អង្គការសុខភាពពិភពលោក WHO និងប្រទេសដទៃទៀត រួមទាំងមីយ៉ាន់ម៉ាផងដែរ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19។

គួរបញ្ជាក់ថា ប្រទេសចិន និងមីយ៉ាន់ម៉ាបានយល់ឃើញដូចគ្នាថា នៅចំពោះមុខការរីករាលដាលនៃជំងឺ COVID-19 ប្រទេសទាំងអស់គួរតែពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់យុត្តិធម៌អន្តរជាតិ ក៏ដូចជាសិទ្ធិរបស់ប្រទេសនីមួយៗក្នុងការអភិវឌ្ឍ៕