(បាងកក)៖ ប៉ូលិសក្នុងប្រទេសថៃ បានចាប់ខ្លួនជនជាតិម៉ូស្លីម Rohingya ចំនួន១៥នាក់ ពីបទចូលប្រទេសដោយខុសច្បាប់ និងបានធ្វើការស៊ើបអង្កេត ដែលអាចថា ពួកគេអាចជាជនរងគ្រោះពីការជួញដូរមនុស្ស, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ។
ប៉ូលិសបានឲ្យដឹងថា មនុស្ស១២នាក់នៃពួកគេ ត្រូវបានចាប់ខ្លួន កាលពីយប់ថ្ងៃអង្គារ និង៣នាក់ទៀតបានចាប់ខ្លួននៅព្រឹកថ្ងៃពុធនេះ នាទីក្រុង Mae Sot ជិតទៅនឹងស្ពានមួយ ដែលបែកចែករវាងប្រទេសទាំងពីរ (ថៃ-មីយ៉ាន់ម៉ា)។
ពួកគេទាំង១៥នាក់ មកពីតំបន់ Buthidaung ជាកន្លែងមួយក្នុងចំណមកន្លែងរស់នៅ ប្រមូលផ្តុំគ្នាដ៏ធំបំផុត នៃជនជាតិភាគតិចម៉ូស្លីម Rohingya នៅរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា។
ស្នងការប៉ូលិសក្រុង Mae Sot លោក Phubed Sang-aram បានឲ្យដឹងថា មានជនជាតិថៃ ចំនួន៣នាក់ ក៏ត្រូវបានចាប់ខ្លួនផងដែរ ពីបទផ្តល់ការស្នាក់នៅ ដល់ជនអន្តោប្រវេសន៍ខុសច្បាប់។ លោកបន្តថា ក្រុមជនអន្តោប្រវេសន៍នេះ គ្រោងនឹងធ្វើដំណើរទៅកាន់ម៉ាឡេស៊ី តាមរយៈប្រទេសថៃ៕