Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តេឡេស្កូបអឺរ៉ុបមានមូលដ្ឋាននៅឈីលី ប្រទះឃើញភពកំពុងចាប់កំណើត នៅជុំវិញផ្កាយដ៏ឆ្ងាយមួយ

20-05-2020 22:40

(អឺរ៉ុប)៖ តេឡេស្កូបធំបំផុត នៃមជ្ឈមណ្ឌលស្រាវជ្រាវអវកាសរបស់អង្គការអឺរ៉ុប ESA ហៅកាត់ថា តេឡេស្លូប VLT ទើបតែបានប្រទះឃើញភពប្រភេទ Exoplanet ដែលកំពុងចាប់កំណើតបន្តិចម្តងៗ នៅជុំវិញតារាមួយមានឈ្មោះសម្គាល់ថា AB Aurigae ស្ថិតនៅចម្ងាយ ៥២០ឆ្នាំពន្លឺពីភពផែនដីយើង (១ឆ្នាំពន្លឺ = ៩.៤៦១ពាន់ពាន់លានគីឡូម៉ែត្រ)។ នេះបើតាមការចេញផ្សាយដោយ Space នៅយប់ថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០។

ពិតណាស់ រូបភាពអំពីផ្កាយ AB Aurigae ថតដោយ តេឡេស្លូប VLT គឺមិនខុសពីអ្វីដែលតេឡេស្កូប ALMA បានផ្តិតយកនោះឡើយ នោះគឺជាដុំមូលមួយ មានរង្វង់ធូលីព័ទ្ធជុំវិញ និងកំពុងគោចរជុំវិញផ្កាយ ដែលពោពេញដោយធូលី និងឧស្ម័នព័ទ្ធជុំវិញដូចគ្នា។ នេះជាសញ្ញានៃការបង្កើតភពថ្មី ដោយវាត្រូវបន្តស្រូវយកធូលី និងឧស្ម័ន ដែលបានផ្ទះចេញពីផ្កាយ AB Aurigae មកបំពេញខ្លួនវាបន្តិចម្តងៗ រហូតក្លាយទៅភពពេញលក្ខណៈនៅរាប់លានឆ្នាំខាងមុខ។

ទោះជាយ៉ាងណា រូបភាពថតបានដោយ VLT គឺមានលក្ខណៈប្រសើរជាង ALMA ព្រោះតែយើងអាចមើលឃើញនូវភាពលម្អិតច្រើន ដោយមាននូវរង្វង់រមួល ក្នុងដៃស្រូបធូលី (spiral arms) ដែលជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថា មានភពកំពុងចាប់កំណើត។ ដៃរមួលចំនួនពីរខ្សែនៅក្នុងរូបភាពរបស់ VLT គឺពិតជាបង្ហាញអំពីការកកើតនៃភពមួយ នៅជុំវិញផ្កាយរបស់វា តាមរយៈការស្រូបយកឧស្ម័ន និងធូលីនៅជុំវិញដើម្បីបំពេញខ្លួនវាឥតឈប់ឈរ៕