(ម៉ានីល)៖ គ្រោះរញ្ជួយដីដែលមានកម្រិត ៥.០រ៉ិចទ័រ បានវាយប្រហារដែនសមុទ្រនៃខេត្ត ដាវ៉ៅ អុកស៊ីដិនថា (Davao Occidenta) ស្ថិតនៅចុងភាគខាងត្បូងប្រទេសហ្វីលីពីន នៅយប់ថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០ នេះតែម្តង។ នេះបើតាមការបញ្ជាក់ពី វិទ្យាស្ថានសិក្សាពីការរញ្ជួយដី និងភ្នំភ្លើងរបស់ហ្វីលីពីន។
វិទ្យាស្ថានខាងលើបានឲ្យដឹងទៀតថា គ្រោះរញ្ជួយដីនៅក្នុងសមុទ្រនេះ បានកើតឡើងនៅវេលាម៉ោង ៨៖៤៥នាទីយប់ (ម៉ោងនៅទីក្រុងម៉ានីល) ដោយបានវាយប្រហារពីក្នុងជម្រៅ ៧៣គីឡូម៉ែត្រក្រោមបាតសមុទ្រ និងមានចម្ងាយប្រមាណ ៩៦គីឡូម៉ែត្រ ពីភាគអាគ្នេយ៍នៃតំបន់សារាំងហ្គានី (Sarangani) ដែលជាតំបន់ទេសចរណ៍ដ៏ល្បី នៅចុងភាគខាងត្បូងហ្វីលីពីន ហើយវាក៏បានបង្ករំញ័រដល់តំបន់ ក្លេន (Glan) នៃខេត្ត Sarangani, ទីក្រុង ជែណឺរ៉លសានតូស (General Santos) និងទីក្រុងដាវ៉ៅ (Davao) ស្រុកកំណើតលោកប្រធានាធិបតី ឌូតឺតេ ផងដែរ។
គួរបញ្ជាក់ថា ហ្វីលីពីនមានសកម្មភាពរញ្ជួយដីជាញឹកញាប់ ក៏ដោយសារទីតាំងរបស់ប្រទេសនេះ ស្ថិតនៅតាមបណ្តោយតំបន់ងាយរងគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើង នៅជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក ដែលគេហៅឈ្មោះថា «Pacific Ring of Fire»៕