Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: ចិនប្រកាសថ្កោលទោស ការថ្លែងអបអរមេដឹកនាំកោះតៃវ៉ាន់់ ស្បថចូលកាន់តំណែង ធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសអាមេរិក (Video inside)

20-05-2020 21:01

(ប៉េកាំង)៖ ក្រសួងការបរទេស និងក្រសួងការពារជាតិចិននៅថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០នេះ បានប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាត ចំពោះការថ្លែងអបអរសាទរ មេដឹកនាំកោះតៃវ៉ាន់លោកស្រី ត្សៃ អ៉ីងវិន ស្បថចូលកាន់តំណែង ដែលត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសលោក ម៉ៃក៍ ប៉ុមប៉េអូ និងមន្ត្រីអាមេរិកមួយចំនួនទៀត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការរបស់ចិន បានបញ្ជាក់យ៉ាងដូច្នេះថា «តៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីចិន ដែលមិនអាចកាត់ផ្តាច់បាន។ ទង្វើរបស់សហរដ្ឋអាមេរិកបានរំលោភបំពាន់យ៉ាងធ្ងន់ធ្ងរ ទៅលើគោលនយោបាយចិនតែមួយ និងលក្ខន្តិកៈរួមគ្នាទាំងបីរវាងប្រទេសចិន និងសហរដ្ឋអាមេរិក, ជ្រៀតជ្រែកយ៉ាងខ្លាំងលើកិច្ចការផ្ទៃក្នុងរបស់ចិន, ធ្វើឱ្យអន្តរាយយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងយោធាទាំងសងខាង ព្រមទាំងបានបំផ្លាញសន្តិភាព និងស្ថិរភាពយ៉ាងខ្លាំងនៅលើច្រកសមុទ្រតៃវ៉ាន់ផងដែរ»

សេចក្តីថ្លែងការណ៍របស់ចិន បានសង្កត់ធ្ងន់ទៀតថា «វាពិតជាការខុសឆ្គងដ៏ធ្ងន់ធ្ងរ និងគ្រោះថ្នាក់ខ្លាំងបំផុត។ យើងសូមប្រឆាំង ចំពោះការធ្វើទំនាក់ទំនងរវាងមន្ត្រី និងយោធាបរទេសទាំងអស់ ជាមួយកោះតៃវ៉ាន់។ យើងនឹងមិនអនុញ្ញាតឲ្យនរណាម្នាក់ ឬអង្គការណាមួយ ឬក៏បក្សនយោបាយណា នៅគ្រប់ពេលវេលា និងគ្រប់ទម្រង់ទាំងអស់ ធ្វើការបំបែកទឹកដីផ្នែកណាមួយ ចេញពីបូរណភាពដែនដីរបស់ចិនជាដាច់ខាត»