(ប៉េកាំង)៖ បុរសជនជាតិចិនម្នាក់ ដែលត្រូវគេចាប់ពង្រត់ តាំងពីតែនៅក្មេង កាលពីជាង៣២ឆ្នាំមុន បានជួបជុំជាមួយឪពុកម្ដាយបង្កើតរបស់ខ្លួនវិញហើយ បន្ទាប់ពីប៉ូលិសប្រើប្រាស់បច្ចេកវិទ្យាស្កែនមុខ ដើម្បីតាមរករូបលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០។

លោក Mao Yin ត្រូវបានគេចាប់ពង្រត់ នៅពេលលោកមានអាយុ២ឆ្នាំ នៅខាងក្រៅសណ្ឋាគារមួយ នៅក្នុងទីក្រុង Xi'an នៃខេត្ត Shaanxi នៅឆ្នាំ១៩៨៨ ហើយត្រូវបានគេលក់ឱ្យប្ដីប្រពន្ធគ្មានកូនមួយគូ ដែលបានចិញ្ចឹមរូបលោកដូចជាកូនបង្កើត ហើយបានដាក់ឈ្មោះថ្មីឱ្យលោកថា Gu Ningning។ ប៉ូលិសចិន បានប្រើប្រាស់បច្ចេកវិទ្យាស្កែនមុខ និងផ្ទៀងផ្ទាត់ DNA ដើម្បីតាមរកលោក Mao។ លោក Mao បច្ចុប្បន្ន មានអាយុ៣៤ឆ្នាំ និងប្រកបអាជីវកម្មខាងតុបតែងផ្ទះ បានជួបជុំជាថ្មីជាមួយឪពុកម្ដាយបង្កើត ដែលមិនបានបោះបង់ចោលក្ដីសង្ឃឹម ក្នុងការស្វែងរកកូនរបស់ខ្លួន ម្ដងណាឡើយ។

លោកស្រី Li Jingzhi ជាម្ដាយបង្កើតលោក Mao បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV ថាក្រោយកូនប្រុសត្រូវបានគេចាប់ពង្រត់ លោកស្រីបានលាឈប់ ពីការងារ ហើយបានផ្ញើ ខិត្តប័ណ្ណតាមរកកូន ១០០,០០០សន្លឹកទៅកាន់អាជ្ញាធរ និងបានបង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍ជាច្រើនលើក ដើម្បីឱ្យគេជួយផ្ដល់ ដំណឹងពីកូនប្រុស។

គួរជម្រាបថា មិនមានស្ថិតិផ្លូវការពីតួលេខកុមារ ដែលបានបាត់ខ្លួនក្នុងមួយឆ្នាំៗ នៅក្នុងប្រទេសចិននោះទេ។ ប៉ុន្តែ ប្រព័ន្ធមួយត្រូវបង្កើតឡើងកាលពីឆ្នាំ២០១៦ ដើម្បីបញ្ជូនសារពីកុមារបាត់ខ្លួន តាមរយៈបណ្ដាញទំនាក់ទំនងសង្គម និងសារទូរស័ព្ទដៃ។ បន្ថែមពីលើនេះ ប៉ូលិសចិន បានជួយសង្គ្រោះកុមារត្រូវបានគេចាប់ ពង្រត់ច្រើនជាង ៦,៣០០នាក់ អស់រយៈមួយទសវត្សរមកនេះ ដោយប្រើប្រាស់ការផ្ទៀងផ្ទាត់ DNA៕