(បរទេស)៖ ព្រះអាទិត្យគឺជាវត្ថុដ៏សំខាន់បំផុតមួយ ដែលមានឥទ្ធិពលមកលើផែនដី ខណៈដុំបាល់ភ្លើងនេះមានវដ្ត និងការប្រែប្រួលរបស់វាជាប្រចាំ។ វដ្តព្រះអាទិត្យមានរយៈពេលជាទូទៅខ្ទង់ ១១ឆ្នាំម្តង ដោយបច្ចុប្បន្នវាកំពុងតែឆ្លងកាត់ដំណាក់កាល ដែលមិនសូវមានសកម្មភាពហៅថា «Solar Minimum»។
ក្នុងអំឡុងចំណុចកំពូលនៃវដ្តរបស់វាដែលហៅថា Solar Maximum ព្រះអាទិត្យតែងបញ្ចេញសកម្មភាពកញ្ច្រោលខ្លាំងជាងធម្មតា ហើយនៅអំឡុង Solar Minimum លើកចុងក្រោយនេះ គឺវាបែរជាមានសភាពស្ងប់ស្ងាត់ជាងរាល់លើកទៅវិញ។ បើតាមក្រុមអ្នកវិទ្យាសាស្រ្តនៃ ទីភ្នាក់ងារអវកាសអាមេរិក NASA មនុស្សលោកយើងកំពុង ស្ថិតនៅក្នុងដំណាក់កាលពិសេសមួយហៅថា «Grand Solar Minimum» មិនមែន Solar Minimum ធម្មតានោះទេ។
លើកចុងក្រោយបំផុតដែលបាតុភូតនេះបានកើតឡើង គឺកាលពីចន្លោះឆ្នាំ១៦៥០-១៧១៥ អំឡុងសម័យកាលមួយហៅថា «កូនយុគសម័យទឹកកក» នៅឯអឌ្ឍគោលខាងជើងផែនដី នៅពេលដែលសីតុណ្ហភាពលើផ្ទៃភពរបស់យើង បានធ្លាក់ចុះទាបជាងធម្មតា ព្រោះតែព្រះអាទិត្យមិនសូវមានសកម្មភាព បូករួមជាមួយសំណុំភាគល្អិត នៃបន្ទុះភ្នំភ្លើង។
ប៉ុន្តែសម្រាប់ Grand Solar Minimum ក្នុងឆ្នាំ២០២០ នេះ គឺពុំមានអ្វីគួរឲ្យបារម្ភនោះទេ ដោយមូលហេតុគឺទំនងជាមកពីបាតុភូត បម្រែបម្រួលអាកាសធាតុ ដែលមិនអាចធ្វើឲ្យផែនដីក្លាយជាត្រជាក់ខ្លាំង ដូចកាលពីជាង ៣០០ឆ្នាំមុន (ចន្លោះឆ្នាំ១៦៥០-១៧១៥) នោះឡើយ។
គួរជម្រាបថា បើតាមអ្នកវិទ្យាសាស្រ្ត ព្រះអាទិត្យបានឆ្លងកាត់ដំណាក់កាលកំពូល Solar Maximum កាលពីឆ្នាំ២០១៤ ហើយចាប់ផ្តើមថយចុះសកម្មភាពវិញកាលពីឆ្នាំ២០១៩។ នៅក្នុងបាតុភូត Solar Maximum កន្លងមក ព្រះអាទិត្យតែងតែមានលក្ខណៈកញ្ជ្រោល និងជះចេញនូវអណ្តាតភ្លើង នាំឲ្យភាគល្អិតនៃវិទ្យុសកម្ម សាយភាយពាសពេញ ប្រព័ន្ធព្រះអាទិត្យទាំងមូល៕
ប្រភព៖ CNN (ថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០)