(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅព្រឹកថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញនេះ ប្រទេសចិនបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ០៥ករណីបន្ថែមទៀត ដោយក្នុងនោះ ០៤ករណីជាប្រភេទឆ្លងក្នុងស្រុក ០១ករណីនាំចូលពីក្រៅប្រទេស។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

បើតាមការបញ្ជាក់ពីក្រសួងសុខាភិបាលចិនបានឲ្យដឹងថា ០១ករណីខាងលើ ដែលជាប្រភេទនាំចូលពីក្រៅប្រទេសនោះ គឺត្រូវគេបានរាយការណ៍ចេញពីតំបន់ស្វយ័ត អ៉ីនណឺ ម៉ុងហ្គោលី (Inner Mongolia)។ ចំណែកឯ ០៤ករណីទៀត ដែលជាករណីឆ្លងក្នុងស្រុកវិញ ត្រូវបានរកឃើញនៅខេត្តជីលីន (Jilin) ទាំងអស់។

សម្រាប់រយៈពេលដូចគ្នានេះ អាជ្ញាធរសុខាភិបាលចិន ក៏បានរកឃើញអ្នកជាសះស្បើយឡើងវិញពីជំងឺ COVID-19 ចំនួន ០៣នាក់ផងដែរ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុប នៅទូទាំងប្រទេសចិនកើនដល់ ៧៨,២៤៤នាក់។

គួរជម្រាបថា បើបូកបញ្ចូលទាំងករណីឆ្លងថ្មីៗទាំង ០៥ករណី ដែលបានរាយការណ៍នៅថ្ងៃនេះ វាធ្វើឲ្យចំនួនករណីឆ្លងសរុបទាំងអស់ នៅទូទាំងប្រទេសចិនកើនដល់ ៨២,៩៦៥ករណី ខណៈតួលេខនៃករណីអ្នកស្លាប់គឺនៅរក្សាបានត្រឹម ៤,៦៣៤នាក់ដដែល ពោលគឺគ្មានករណីស្លាប់ឡើយសូម្បីតែម្នាក់៕