(អង់ការ៉ា)៖ នៅថ្ងៃអង្គារសប្តាហ៍នេះ ប្រទេសតួកគីបានសម្រេច បន្តដាក់ទីក្រុងចំនួន ១៥ នៅក្នុងបំរាមគោចររយៈពេល ១៥ថ្ងៃបន្ថែមទៀត ដោយសារតែអត្រាឆ្លងជំងឺ COVID-19 មិនទាន់មានសភាធូរស្រាល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០។
ការអូសបន្លាយបំរាមគោចរខាងលើ នឹងចាប់អនុវត្តពីថ្ងៃទី២០ ខែឧសភា នេះតទៅរហូតដល់ថ្ងៃទី០៣ ខែមិថុនា នៅទីក្រុងចំនួន ១៥ ដោយក្នុងនោះក៏មានរដ្ឋធានីអង់ការ៉ា និងទីក្រុងអ៉ីស្តង់ប៊ូល ដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុត នៅតួកគីផងដែរ។ តាមរយៈបំរាមគោចរនេះ ការធ្វើដំណើរតាមផ្លូវការគោក សមុទ្រ និងអាកាស ទៅកាន់ទីក្រុងទាំង ១៥ នោះនឹងត្រូវរឹតត្បិត។
គួរបញ្ជាក់ថា កាលពីដើមខែមេសាកន្លងទៅនេះ រដ្ឋាភិបាលតួកគីបានចេញបំរាមគោចរជាលើកដំបូង ទៅលើខេត្តចំនួន ៣១ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺ COVID-19 ប៉ុន្តែក្រោយមក តំបន់មួយចំនួនត្រូវបានដកចេញវិញ។ បច្ចុប្បន្នតួកគីជាប្រទេស មានអ្នកឆ្លង COVID-19 ច្រើនបំផុតលំដាប់លេខ ៩ នៅលើពិភពលោក ដោយមានករណីឆ្លង ១៥១,៦១៥ករណី ក្នុងនោះស្លាប់ ៤,១៩៩នាក់ និងជាសះស្បើយឡើងវិញ ១១២,៨៩៥នាក់៕