(ដាម៉ាស់)៖ កងទ័ពសហរដ្ឋអាមេរិក បានទម្លាក់ខ្លួនពីលើយន្តហោះ ចុះទៅកាន់ខេត្តឌែរអាល់ហ្សួរ (Deir al-Zour) ដើម្បីចាប់ខ្លួនបុរសម្នាក់ ដែលត្រូវបានគេសង្ស័យថា ជាសមាជិកនៃក្រុមភេរវករ ISIS។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាយប់ថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០។
ការទម្លាក់ខ្លួនជាថ្មីរបស់កងទ័ពអាមេរិកខាងលើនេះ គឺទៅលើភូមិមួយ នៃស្រុក អាល់ហ្សួ របស់ខេត្ត Deir al-Zour ក្រោមការជួយជ្រោមជ្រែងពីកងកម្លាំងឃើដ SDF ក្នុងតំបន់នេះ។ កងកម្លាំងអាមេរិក និង SDF បានឡោមព័ទ្ធផ្ទះមួយខ្នង នៅក្នុងភូមិ និងចាប់ខ្លួនបុរសម្នាក់យកទៅ ដោយគ្មាននរណាដឹងថា ជានរណានោះឡើយ ប៉ុន្តែក្រុមអង្កេតការលើបញ្ហានេះជឿជាក់ថា អាចជាសមាជិកក្រុមភេរវករ ISIS ដែលអាមេរិកកំពុងតាមប្រមាញ់។
គួរបញ្ជាក់តាមក្រុមអង្កេតការទៀតថា នេះជាលើកទី ៣ ហើយដែលកងទ័ពសហរដ្ឋអាមេរិក ធ្វើការទម្លាក់ខ្លួនពីលើអាកាស ចុះមកចាប់ជនសង្ស័យជាបណ្តាញ ISIS នៅក្នុងតំបន់ដែលខ្លួនកំពុងគ្រប់គ្រង ជាមួយកងកម្លាំង SDF ក្នុងខេត្ត Deir al-Zour ភាគខាងកើតស៊ីរី៕