(កង់បេរ៉ា)៖ ស្ថានទូតចិនប្រចាំអូស្ត្រាលីបានលើកឡើងថា ការអះអាងរបស់អូស្ត្រាលីដែលថា «សេចក្តីសម្រេចរបស់សន្និបាតអង្គការសុខភាពពិភពលោក (WHA) ដែលបានអំពាវនាវឲ្យមានការស៊ើបអង្កេតពីដើមចមនៃជំងឺ COVID-19 ថា ជាការជំរុញរបស់ខ្លួននោះ គឺជារឿងគួរឲ្យអស់សំណើច»។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០។
នៅក្នុងសេចក្តីថ្លែងការណ៍តាមរយៈអ៊ីម៉ែល អ្នកនាំពាក្យស្ថានទូតចិនបាននិយាយយ៉ាងដូច្នេះថា «សេចក្តីសម្រេចជុំវិញបញ្ហា COVID-19 ដែលបានអនុម័ត ដោយសន្និបាតអង្គការសុខភាពពិភពលោក WHA គឺវាខុសគ្នាទាំងស្រុងពីសំណើររបស់អូស្ត្រាលី។ ដូច្នេះការអះអាងរបស់អូស្ត្រាលីដែលថា សេចក្តីសម្រេចរបស់អង្គការសុខភាពពិភពលោកខាងលើនោះ គឺជាការជំរុញរបស់ខ្លួន គឺវាគ្មានជាអ្វីក្រៅពីជារឿងដែលគួរឲ្យអស់សំណើចមួយឡើយ»។
ជុំវិញរឿងនេះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានសង្កត់ធ្ងន់នៅក្នុងសន្និសីទកាសែតនៅថ្ងៃចន្ទនេះថា «ការសម្រេចចិត្តណាមួយរបស់អង្គការសុខភាពពិភពលោក គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រដ្ឋជាសមាជិក ហើយខ្លឹមសារនៃសេចក្តីសម្រេចទាំងនេះ មិនគួរត្រូវបានបកស្រាយខុសបរិបទ និងតាមរបៀបឯកតោភាគីឡើយ»។
គួរជម្រាបថា សេចក្តីសម្រេចរបស់ WHA បានអំពាវនាវឲ្យមានការវាយតម្លៃដោយអព្យាក្រឹត ឯករាជ្យ និងគ្រប់ជ្រុងជ្រោយ ជុំវិញការឆ្លើយតបរបស់អន្តរជាតិ ចំពោះជំងឺឆ្លងរាតត្បាតសកល COVID-19 ហើយអង្គការសុខភាពពិភពលោក ក៏បានសន្យាដែរថា នឹងពិនិត្យឡើងវិញនូវអ្វីដែលបានកើតឡើងនៅដើមចមដំបូងនៃការរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ នៅពេលវេលាសមស្របណាមួយ។
នៅក្នុងឱកាសនៃមហាសន្និបាតខាងលើ តាមវីដេអូខុនហ្វ្រិន ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានគាំទ្រការស៊ើបអង្កេតដោយ WHO រកដើមចមនៃបញ្ហា COVID-19 ក្រោយពីការរាតត្បាតនៃជំងឺនេះស្ថិតក្នុងការគ្រប់គ្រងនៅទូទាំងពិភពលោក ហើយចិនក៏បានសន្យានឹងផ្តល់ជំនួយ០២ពាន់លានដុល្លារ ដើម្បីជួយបណ្តាប្រទេសនានា ជាពិសេសប្រទេសកំពុងអភិវឌ្ឍ ក្នុងការដោះស្រាយបញ្ហាបង្កឡើង COVID-19 ផងដែរ៕