(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃអង្គារនេះ បាននិយាយថា សហរដ្ឋអាមេរិក កំពុងព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះរបស់ខ្លួន ដើម្បីបិទបាំងកំហុស និងការទទួលខុសត្រូវចំពោះការដោះស្រាយវិបត្តិ COVID-19 ដែលផ្ដាច់ជីវិតប្រជាជនអាមេរិកច្រើនជាង ៩០,០០០នាក់ហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០។
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសន្និសីទសារព័ត៌មាន និងជាការឆ្លើយតបទៅនឹងប្រធានាធិបតីអាមេរិក ដែលបានចោទប្រកាន់អង្គការសុខភាពពិភពលោក WHO ថាជា «អាយ៉ងរបស់ចិន»។ ថ្លែងនាឱកាសនោះ លោក Zhao Lijian បានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិក កំពុងព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះចិន និងប្រើប្រាស់ចិន ដើម្បីបិទបាំងការទទួលខុសត្រូវរបស់ខ្លួនតែប៉ុណ្ណោះ។
គួរជម្រាបថា លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទម្សិលមិញ បានព្រមានថាលោកនឹងពិចារណាឡើងវិញពីសមាជិកភាពរបស់សហរដ្ឋអាមេរិក ក្នុងអង្គការ WHO ព្រមទាំងកាត់ផ្ដាច់ជំនួយទាំងស្រុងផងដែរ ក្នុងរយៈពេល៣០ថ្ងៃ បើសិនជាអង្គការអន្តរជាតិមួយនេះ មិនមានភាពប្រសើរក្នុងការដោះស្រាយវិបត្តិ COVID-19 ទេនោះ៕