(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅព្រឹកថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញនេះ ប្រទេសចិនបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ០៦ករណីបន្ថែមទៀត ដោយក្នុងនោះមាន ០៣ករណីជាប្រភេទនាំចូលពីក្រៅប្រទេស។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ។
ចំណែកឯក្នុងចំណោម ០៣ករណីទៀត ដែលជាករណីឆ្លងក្នុងស្រុកវិញ ត្រូវបានក្រសួងសុខាភិបាលចិនបានគូសបញ្ជាក់ថា មាន ០២ករណីត្រូវបានរាយការណ៍ចេញពីខេត្តជីលីន (Jilin) និង ០១ករណីទៀតនៅខេត្តហ៊ូប៉ី (Hubei)។
សម្រាប់រយៈពេលដូចគ្នានេះ អាជ្ញាធរសុខាភិបាលចិន ក៏បានរកឃើញអ្នកជាសះស្បើយឡើងវិញពីជំងឺ COVID-19 ចំនួន ០៣នាក់ផងដែរ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុប នៅទូទាំងប្រទេសចិនកើនដល់ ៧៨,២៤១នាក់។
គួរជម្រាបថា បើបូកបញ្ជូលទាំងករណីឆ្លងថ្មីៗទាំង ០៦ករណី ដែលបានរាយការណ៍នៅថ្ងៃនេះ វាធ្វើឲ្យចំនួនករណីឆ្លងសរុបទាំងអស់ នៅទូទាំងប្រទេសចិនកើនដល់ ៨២,៩៦០ករណី ខណៈតួលេខនៃករណីអ្នកស្លាប់ គឺនៅរក្សាបានត្រឹម ៤,៦៣៤នាក់ដដែល ពោលគឺគ្មានករណីស្លាប់ឡើយសូម្បីតែម្នាក់៕