(ញូដេលី)៖ នាថ្ងៃចន្ទនេះអាជ្ញាធរឥណ្ឌាបានចាប់ផ្តើមជម្លៀសប្រជាជន និងផ្អាកប្រតិបត្តិការតាមកំពង់ផែ ដោយសារតែព្យុះស៊ីក្លូនមួយនឹង​ឆ្ពោះទៅដល់ភាគខាងកើតប្រទេសឥណ្ឌា ក្នុងសប្តាហ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃ​ចន្ទ ទី១៨​ ខែឧសភា ឆ្នាំ២០២០។

ការព្យាករណ៍បានបង្ហាញថា ព្យុះស៊ីក្លូនខាងលើ ដែលមានឈ្មោះ Amphan នឹងបោកបក់ទៅដល់ឆ្នេរភាគខាងកើតរបស់ឥណ្ឌា នៅថ្ងៃពុធ​សប្តាហ៍នេះ។ អាជ្ញាធររដ្ឋ Odisha និង West Bengal បានបញ្ជូនក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ខ្លួន ឲ្យទៅជម្លៀសប្រជាជន​ចេញពីតំបន់ទីទំនាប ទៅកាន់មជ្ឈមណ្ឌលសុវត្ថិភាព។

អាជ្ញាធរឥណ្ឌាបានគូសបញ្ជាក់ថា ការជម្លៀសប្រជាជននេះធ្វើឡើងស្របពេលដែលឥណ្ឌា ដូចប្រទេសជាច្រើនផ្សេងទៀតលើលោកដែរ គឺកំពុងតែរងគ្រោះដោយសាររាតត្បាតនៃជំងឺឆ្លង COVID-19 ដូច្នោះវាមិនមែនជារឿងងាយស្រួលនោះទេ។ ព្យុះទីហ្វុង Amphan ត្រូវគេរំពឹង​ថា នឹងកើនឡើងកម្លាំងកាន់តែខ្លាំងថែមទៀត នៅពេលទៅដល់ប្រទេសឥណ្ឌា។

គួរជម្រាបថា ព្យុះស៊ីក្លូនតែងតែកើតឡើងចាប់ពីខែមេសា ដល់ខែធ្នូ ជារៀងរាល់ឆ្នាំ ហើយព្យុះដែលមានឥទ្ធិពលខ្លាំងៗ រមែងបង្ខំឲ្យមនុស្ស​​រាប់សែននាក់ជម្លៀសខ្លួន ព្រមទាំងបង្កការបំផ្លាញបំផ្លាញទ្រព្យសម្បត្តិ និងឆក់យកជីវិតមនុស្សយ៉ាងរង្គាលនៅក្នុងប្រទេសឥណ្ឌា ក៏ដូចជា​នៅ​ប្រទេសបង់ក្លាដែស ដែលជាប់របងគ្នា៕