(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរី នៅថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃ COVID-19 ចំនួន ៣០៥នាក់ទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នាំឲ្យអ្នកឆ្លងសរុបនៅក្នុងប្រទេសអាស៊ានមួយនេះកើនដល់ ២៨,៣៤៣នាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។

បើតាមការបញ្ជាក់របស់ក្រសួង ភាគច្រើននៃករណីឆ្លងថ្មីៗទាំងនោះ ជាក្រុមពលករដែលរស់នៅតាមអគារស្នាក់នៅ សម្រាប់ពលបរទេស ក្នុងប្រទេសសិង្ហបុរី ដដែល ខណៈមានតែ០២ករណីប៉ុណ្ណោះ ដែលជាពលរដ្ឋសិង្ហបុរី ឬអ្នកមានទីលំនៅអចិន្រ្តៃយ៍។ ចំនួនករណីឆ្លងថ្មីប្រចាំថ្ងៃ នៅថ្ងៃនេះមានការធ្លាក់ចុះបន្តិចមកវិញ ក៏ដោយសារតែ ចំនួនអ្នកដែលត្រូវបានធ្វើតេស្តក៏តិចជាងមុនដែរ ខណៈមន្ទីរពិសោធន៍ធ្វើតេស្តមួយកន្លែង កំពុងពិនិត្យមើលដំណើរការរបស់ខ្លួន បន្ទាប់ពីមាន បញ្ហាលើឧបករណ៍ធ្វើតេស្តមុនៗ។

គួរបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងសរុបទាំង ២៨,៣៤៣ ករណីខាងលើ មានអ្នកជំងឺ COVID-19 សរុប ២២នាក់ បានស្លាប់បាត់បង់ជិវិត និង ៩,៣៤០នាក់ផ្សេង ទៀតបានជាសះស្បើយឡើងវិញ៕