(គូឡាឡាំពួរ)៖ ព្រះមហាក្សត្រម៉ាឡេស៊ី ព្រះចៅស៊ូលតង់ Abdullah នាថ្ងៃចន្ទនេះ បានមានបន្ទូលទៅកាន់សមាជិកសភាម៉ាឡេស៊ីថា កុំឲ្យ បណ្តោយប្រទេសធ្លាក់ទៅក្នុងវិបត្តិនយោបាយថ្មីផ្សេងទៀតឲ្យសោះ ក្នុងឱកាសនៃការបើកកិច្ចប្រជុំលើកដំបូងនៅសភាជាន់ទាបម៉ាឡេស៊ី គិតចាប់តាំងពីសម្ព័ន្ធគណបក្ស Perikatan Nasional បានឡើងជារដ្ឋាភិបាលសហព័ន្ធ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នា២០២០។

នាឱកាសនោះ ព្រះចៅស៊ូតង់ Abdullah បានមានព្រះរាជបន្ទូលដូច្នេះថា «ខ្ញុំចង់អំពាវនាវកុំនាំម៉ាឡេស៊ីធ្លាក់ទៅក្នុង ភាពវឹកវរ ផ្នែកនយោបាយ ជាថ្មីទៀតឲ្យសោះ ព្រោះថាប្រជារាស្រ្តកំពុងតែប្រឈមនឹងបញ្ហាជាច្រើន បូករួមជាមួយអនាគតដ៏លំបាកមួយ ដែលកំពុងបង្កឡើងដោយជំងឺ COVID-19»។ ដោយឡែក ព្រះមហាក្សត្រម៉ាឡេស៊ី ក៏បានសម្តែងការគោរពស្ញប់ស្ញែង ដល់អ្នកនៅជួរមុខទាំងឡាយ ដែលប្រយុទ្ធប្រឆាំង ជាមួយ COVID-19 ផងដែរ។

គួរជម្រាបថា វិបត្តិនយោបាយនៅម៉ាឡេស៊ី បានចាប់ផ្តើមឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីលោក មហាធៀរ មហាម៉ាត់ បានចុះចេញ ពីតំណែងនាយករដ្ឋមន្រ្តី រីឯរដ្ឋាភិបាលចម្រុះ Pakatan Harapan ត្រូវដួលរលំ ហើយលោក Muhyiddin Yassin ក៏បានឡើងជាមេដឹកនាំថ្មី ជាមួយរដ្ឋាភិបាលចម្រុះ Perikatan Nasional៕