(វ៉ាស៊ីនតោន)៖ កាលពីថ្ងៃអាទិត្យកន្លងទៅ កងទ័ពអាកាសអាមេរិកបានបាញ់បង្ហោះយន្តហោះអវកាស X-37B ដែលគ្មានមនុស្សបញ្ជាផ្ទាល់ ឡើងទៅកាន់ទីអវកាស ដើម្បីបំពេញបេសកកម្មថ្មីផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។
នេះគឺជាលើកទី០៦ហើយ ដែលយន្តហោះ X-37B ត្រូវបានបាញ់បង្ហោះឡើងទៅទីអវកាស។ សម្រាប់គោលដៅបេសកកម្មរបស់វា គឺពុំមានអ្នកណាម្នាក់ដឹងច្បាស់ឡើយ មកទល់ពេលនេះ។ ទាក់ទងរយៈពេលធ្វើបេសកកម្មរបស់វាក្នុងទីអវកាសវិញ គឺកាលពីបេសកកម្មលើកទី៥ យន្តហោះ X-37B បានចំណាយពេលប្រមាណជា២ឆ្នាំក្នុងទីអវកាស គឺជាកំណត់ត្រាយូរបំផុត ខណៈរយៈពេលនៃបេសកកម្មរបស់វាពីទី១ ដល់ទី៥ បានបន្តកើនរហូត ប៉ុន្តែមិនច្បាស់ថា បេសកកម្មលើកទី៦នេះ នឹងមានរយៈពេលយូរជាងលើកទី៥ ដែរឬក៏អត់ឡើយ។
គួរជម្រាបថា យន្តហោះ X-37B ដើរដោយថាមពលពន្លឺព្រះអាទិត្យ និងគ្មានមនុស្សបញ្ជាផ្ទាល់នៅលើយន្តហោះឡើយ ហើយជាទូទៅត្រូវបានបង្ហោះឡើងទៅទីអវកាស ដោយប្រើគ្រាប់រ៉ុក្កែត Atlas V របស់ក្រុមហ៊ុន United Launch Alliance ដែលជាក្រុមហ៊ុនរួមរវាងក្រុមហ៊ុន Lockheed Martin និង Boeing។ រូបរាងរបស់វា គឺស្រដៀងនឹងអតីតយាន Space Shuttle របស់ទីភ្នាក់ងារអវកាស NASA។ យោធាអាមេរិកមានយន្តហោះ X-37B នេះចំនួន២គ្រឿង ហើយពួកគេបានធ្វើការបាញ់បញ្ជូនពួកវាឡើងទីអវកាស ចាប់តាំងពីខែមេសា ឆ្នាំ២០១០មក៕