(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានរិះគន់ជាថ្មីចំពោះការដោះស្រាយវិបត្តិ COVID-19 របស់មេដឹកនាំអាមេរិក ដោយនិយាយថា ធ្វើជាមេដឹកនាំ មិនគួរធ្វើពុតជាទទួលខុសត្រូវនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០។
លោក ប៉ារ៉ាក់ អូបាម៉ា ធ្វើការកត់សម្គាល់ខាងលើ ទៅកាន់ក្រុមនិស្សិតបញ្ចប់ការសិក្សារាប់សិបនាក់ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ហើយវាគឺជា លើកទី២ ដែលលោក រិះគន់លើការដោះស្រាយវិបតិ្ត COVID-19 បន្ទាប់ពីកាលពីថ្ងៃទី០៩ ខែឧសភា កន្លងទៅ អតីតប្រធានាធិបតីអាមេរិករូបនេះ ក៏ត្រូវបាន គេរាយការណ៍ផងដែរថាបានចាត់ទុកវិធានការរបស់លោក ត្រាំ គឺជាគ្រោះមហន្តរាយមួយ។ ថ្លែងនាឱកាសនោះ លោក អូបាម៉ា បានគូសបញ្ជាក់ដូច្នេះថា៖ «លើសពី អ្វីគ្រប់យ៉ាង, ជំងឺរាតត្បាតនេះ (COVID-19) បាន និងកំពុងរូតវាំងនននៃគំនិត ដែលធ្វើឱ្យមេដឹកនាំខ្លះ ដឹងពីអ្វីដែលពួកគេកំពុងធ្វើ...ហើយមេដឹកនាំជាច្រើនក្នុងចំណោម ពួកគេ មិនគួរធ្វើពុតជាទទួលខុសត្រូវនោះទេ»។
គួរជម្រាបថា លោក បារ៉ាក់ អូបាម៉ា ជាថ្មីម្ដងទៀត មិនបានលើកឈ្មោះលោក ដូណល់ ត្រាំ ចំៗនោះទេ ប៉ុន្តែអ្វីដែលលោកបានលើកឡើងត្រូវបានគេមើលឃើញថាមាន ចេតនាចង់សំដៅលើលោក ត្រាំ។ បើតាមគេហទំព័រ worldometers មកទល់នឹងពេលនេះ សហរដ្ឋអាមេរិក មានអ្នកឆ្លង COVID-19 ១,៥០៧,៧៧៣នាក់ ក្នុងនោះស្លាប់ ៩០,១១៣នាក់ និងជាសះស្បើយឡើងវិញ ៣៣៩,២៣២នាក់៕