Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ដូណាល់ ត្រាំ កំពុងពិចារណាផ្តល់ហិរញ្ញវត្ថុខ្លះឡើងវិញដល់ WHO ប៉ុន្តែមិនទាន់សម្រេចថាយ៉ាងណាទេ

16-05-2020 20:59

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃសៅរ៍នេះ បាននិយាយថា រដ្ឋាភិបាលរបស់លោកកំពុងតែធ្វើការ ពិចារណាលើសំណើជាច្រើន ពាក់ព័ន្ធទៅនឹងអង្គការសុខភាពពិភពលោក (WHO) ក្នុងនោះក៏មានទាំងការផ្តល់ហិរញ្ញវត្ថុឡើងវិញ ខ្លះដល់ WHO ផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២០។

បើតាមលោក ត្រាំ សំណើឲ្យផ្តល់ហិរញ្ញវត្ថុឡើងវិញនោះបានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោននឹងបង់ថវិកាតែ១០ភាគរយប៉ុណ្ណោះ នៃ ចំនួនដែលខ្លួនធ្លាប់ផ្តល់ក្នុងឆ្នាំកន្លងៗមក ប៉ុន្តែលោកបានបញ្ជាក់ថា មិនទាន់មានការសម្រេចចិត្តជាចុងក្រោយនៅឡើយទេ ហើយការផ្អាកផ្តល់ហិរញ្ញវត្ថុឲ្យ WHO គឺស្ថិតនៅដដែល សម្រាប់ពេលនេះ។

គួរជម្រាបថា លោក ដូណាល់ ត្រាំ បានផ្អាកការផ្តល់ហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក ឲ្យទៅអង្គការសុខភាពពិភពលោក កាលពីថ្ងៃ ទី១៤ ខែមេសា ក្រោមការចោទប្រកាន់ថា WHO ធ្វើការងារមិនបានល្អក្នុងការឆ្លើយតបចំពោះជំងឺ COVID-19 ហើយជួយចិនលាក់បាំងព័ត៌មានពាក់ព័ន្ធនឹងការរាតត្បាតនៃជំងឺឆ្លងនេះ។ WHO បានច្រានចោលការចោទប្រកាន់នោះ ហើយចិនបានបញ្ជាក់ហើយបញ្ជាក់ទៀតថា ខ្លួនបានផ្តល់ភាពស្មោះត្រង់ និងបើកចំហយ៉ាងអស់ពីលទ្ធផល។

ពាក់ព័ន្ធការផ្តល់ហិរញ្ញវត្ថុឲ្យអង្គការ WHO គឺសហរដ្ឋអាមេរិកជាអ្នកបរិច្ចាគធំជាងគេបង្អស់ ដោយមួយឆ្នាំៗអាមេរិកចំណាយខ្ទង់ ៤០០លានដុល្លារសម្រាប់ WHO គិតទាំងការផ្តល់ឲ្យលក្ខណៈកាតព្វកិច្ច និងស្ម័គ្រចិត្ត។ បើទីក្រុងវ៉ាស៊ីនតោនត្រឡប់ទៅបង់ថវិកា ក្នុងអត្រា១០ភាគរយ គឺវាប្រហាក់ប្រហែលនឹងកម្រិតបរិច្ចាគរបស់ប្រទេសចិន៕