(បាងកក)៖ នៅថ្ងៃសៅរ៍នេះអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បានសម្រេចរក្សាទុកនូវបម្រាមមិនឲ្យមានជើងហោះហើរ អន្តរជាតិចូលមកក្នុងប្រទេសថៃ រហូតដល់ដាច់ខែមិថុនា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២០។
ការសម្រេចបែបនេះគឺស្របពេលដែលចំនួនករណីឆ្លងថ្មីៗនៃ COVID-19 នៅក្នុងប្រទេសថៃ បានធ្លាក់មកនៅកម្រិតទាប ហើយ អាជ្ញាធរថៃចាប់ផ្តើមបន្ធូរបន្ថយវិធានការរឹតត្បិត នៅក្នុងស្រុកជាបណ្តើរៗ។ នៅថ្ងៃអាទិត្យស្អែកនេះ រដ្ឋាភិបាលថៃនឹងអនុញ្ញាតឲ្យ ផ្សារទំនើបនិងហាងលក់ទំនិញបើកទ្វារដំណើរការឡើងវិញហើយ រីឯរយៈពេលនៃបម្រាមគោចរពេលយប់ ក៏នឹងត្រូវបន្ថយ១ម៉ោង ផងដែរ។
គួរជម្រាបថា បម្រាមជើងហោះហើរអន្តរជាតិចូលក្នុងប្រទេសថៃ ត្រូវបានដាក់ចេញកាលពីខែមេសាកន្លងទៅ ដើម្បីទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺ COVID-19 ដែលរាតត្បាតពាសពេញពិភពលោក ហើយត្រូវបានអនុវត្តជាប់រហូតមកទល់បច្ចុប្បន្ន ដែល ដំបូងឡើយថាគ្រោងនឹងបញ្ចប់នៅចុងខែឧសភានេះ។
សម្រាប់ករណីឆ្លង COVID-19 នៅទូទាំងប្រទេសថៃ គឺមាន៣,០២៥នាក់ ក្នុងនោះស្លាប់៥៦នាក់ ជាសះស្បើយ២,៨៥៥នាក់ និង១១៤នាក់ កំពុងបន្តទទួលការព្យាបាល៕