(វ៉ាស៊ីនតោន)៖ សមាជិកសភាអាមេរិកមួយរូបបានឲ្យដឹងថា មន្រ្តីស៊ើបអង្កេតម្នាក់នៅក្រសួងការបរទេសអាមេរិក ដែលកំពុងតែស៊ើបអង្កេតលើ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ត្រូវបានលោកប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដកចេញពីតំណែង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០០២។
ការដកតំណែងលោក ស្ទេវ លីនីក (Steve Linick) ដែលជាមន្រ្តីផ្នែកស៊ើបអង្កេតម្នាក់ នៅក្រសួងការបរទេសអាមេរិក បានកើតឡើងនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ហើយលោក Linick ជាបុគ្គលចុងក្រោយគេ ក្នុងចំណោមមន្រ្តីមានតួនាទីដូចគ្នាមួយចំនួនទៀត ដែលត្រូវបានលោក ត្រាំ ដកចោលយ៉ាងតក់ក្រហល់នាពេលកន្លងទៅនេះ នៅតាមស្ថាប័ន-ក្រសួងដទៃៗទៀតរបស់រដ្ឋាភិបាលអាមេរិក។
លោក អេលីយ៉ូត អ៊ែងហ្គែល (Eliot Engel) ដែលជាសមាជិកសភាតំណាងរាស្រ្តអាមេរិក បានអះអាងថា លោក Linick ត្រូវបានដកតំណែង បន្ទាប់ពីលោកបានបើកការស៊ើបអង្កេតលើលោក Mike Pompeo ជុំវិញការសង្ស័យថា លោក Pompeo បានប្រើប្រាស់បុគ្គលិករដ្ឋាភិបាល ឲ្យធ្វើការងារផ្ទាល់ខ្លួនសម្រាប់រូបលោក ព្រមទាំងភរិយាលោក ដែលពុំមានតំណែងអ្វីសោះក្នុងជួររដ្ឋាភិបាល។
គួរជម្រាបថា ក្រសួងការបរទេសអាមេរិក បានទទួលស្គាល់ពីការដកតំណែងលោក Steve Linick ប៉ុន្តែមិនបានបញ្ជាក់ពីហេតុផល ឬទទួលស្គាល់ថា លោក Pompeo ត្រូវបានគេស៊ើបអង្កេតមែន ឬក៏អត់ឡើយ។ បើតាមក្រសួងការបរទេសអាមេរិក តំណែងជាមន្រ្តីស៊ើបអង្កេតថ្មីនឹង បានទៅលើលោក ស្ទេហ្វិល អាកាដ (Stephen Akard) ដែលជាអតីតទីប្រឹក្សាអនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence)៕