(ម៉ូស្គូ)៖ នៅថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២០នេះ ប្រទេសរុស្ស៊ីបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន ៩,២០០នាក់ថ្មីទៀត ដែលធ្វើឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសមហាអំណាចយោធាលេខ ២ លើលោកមួយនេះកើនឡើងដល់ ២៧២,០៤៣ករណី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ រុស្ស៊ីក៏បានកត់ត្រាមនុស្សស្លាប់ចំនួន ១១៩នាក់បន្ថែមផងដែរ ធ្វើឲ្យចំនួនមនុស្សស្លាប់សរុបដោយសារ COVID-19 កើនឡើងដល់ ២,៥៣៧នាក់។ បន្ថែមពីនេះអ្នកជំងឺ ៤,៩៤០នាក់បន្ថែមទៀត ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ នៅក្នុងរយៈពេលដូចគ្នា នាំឲ្យចំនួនអ្នកជាសះស្បើយពីជំងឺ COVID-19 ក្នុងប្រទេសរុស្ស៊ី កើនឡើងរហូតដល់ ៦៣,១៦៦នាក់។

គួរបញ្ជាក់ថា ក្រៅពីករណីឆ្លង ស្លាប់ និងជាសះស្បើយបន្ថែមខាងលើនេះ អ្នកដែលកំពុងស្ថិតនៅក្នុងការតាមដានរក COVID-19 នៅឡើយមានចំនួន ២៥៩,៨០២នាក់ ខណៈមនុស្សសរុបជាង ៦.៦លាននាក់ហើយនៅទូទាំងប្រទេសរុស្ស៊ី ត្រូវបានធ្វើតេស្តរកវីរុសកូរ៉ូណា៕