(ប៉េកាំង)៖ ចិនបានជុំរុញឲ្យសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់នូវការគាបសង្កត់ ដោយមិនសមហេតុផលទៅលើក្រុមហ៊ុន Huawei ក៏ដូចជាសហគ្រាសនានារបស់ចិន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសដាក់ចេញនូវវិធានការថ្មីមួយទៀត ដើម្បីដាក់កម្រិតលើការទិញគ្រឿងបច្ចេកវិទ្យាអាឡិចត្រូនិច ដោយក្រុមហ៊ុនមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២០។
តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃសៅរ៍នេះ ក្រសួងការបរទេសចិនបានគូសបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋាភិបាលចិននឹងគាំទ្រយ៉ាងពេញទំហឹង នូវសិទ្ធិស្របច្បាប់ ក៏ដូចជាផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុនរបស់ចិន»។ ក្រសួងខាងលើបានបន្ថែមទៀតថា «យើងជំរុញឲ្យសហរដ្ឋអាមេរិក ឲ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការគាបសង្កត់ ដែលមិនសមហេតុផលមកលើក្រុមហ៊ុន Huawei ក៏ដូចជាសហគ្រាសនានារបស់ចិន»។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្រសួងពាណិជ្ជកម្មអាមេរិកបាននិយាយថា ខ្លួននឹងដាក់ចេញនូវវិធានការថ្មីមួយទៀត ដើម្បីដាក់កម្រិតលើលក់បច្ចេកវិទ្យាអាឡិចត្រូនិច (semiconductor technology) ទៅលើក្រុមហ៊ុនចិន Huawei។ វិធានការត្រួតពិនិត្យនោះ នឹងកំណត់គោលដៅយ៉ាងតឹងរ៉ឹង និងជាយុទ្ធសាស្ត្រ ដើម្បីកុំឲ្យក្រុមហ៊ុនផលិតទូរស័ព្ទធំបំផុតលំដាប់ទី ២ លើលោកមួយនេះអាចទទួលបានបច្ចេកវិទ្យា ក៏ដូចជាកម្មវិធី software ដែលជាផលិតផលផ្ទាល់របស់សហរដ្ឋអាមេរិក។
វិធានការរឹតត្បិតថ្មីនេះនឹងធ្វើឲ្យក្រុមហ៊ុន Huawei កាត់ផ្តាច់ពីក្រុមហ៊ុនផ្គត់ផ្គង់ ដ៏ធំបំផុតមួយរបស់ខ្លួន គឺក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ TSMC។ ជុំវិញបញ្ហានេះ ប្រទេសចិនបានគំរាមសងសឹកសហរដ្ឋអាមេរិកវិញ ចំពោះចំណាត់ការនេះផងដែរ ក្នុងនោះរួមមានដូចជា ការដាក់កម្រិតលើក្រុមហ៊ុនធំៗរបស់អាមេរិក និងដាក់បញ្ចូលក្រុមហ៊ុនទាំងនោះទៅក្នុង «បញ្ជីនៃអង្គភាពដែលមិនអាចជឿទុកចិត្តបាន» ទៀតផង។ នេះបើយោងការចុះផ្សាយដោយកាសែតចិន The Global Times កាលពីថ្ងៃសុក្រសប្តាហ៍នេះ៕