(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិកកំពុងតែអភិវឌ្ឍមីស៊ីលលឿនជាងសំឡេង (Hypersonic) ជាច្រើនភេទ ដែលក្នុងនោះបើតាមប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មានប្រភេទខ្លះគឺនឹងខ្លាំងជាងមីស៊ីលហៃភើសូនិក (Hypersonic) របស់ចិន និងរុស្ស៉ីទៅទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Spuntik នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២០។

អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក ចូណាថាន់ ហូហ្វមែន (Jonathan Hoffman) នៅថ្ងៃសុក្រសប្តាហ៍នេះបានបង្ហោះសារលើបណ្តាញសង្គម Twitter ថា ក្រសួងកំពុងតែអភិវឌ្ឍមីស៊ីល Hypersonic ជាច្រើនប្រភេទ។ ការបង្ហោះសារនេះត្រូវបានធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកកំពុងផលិតសព្វាវុធអស្ចារ្យជាច្រើន។

លោក ត្រាំ ថែមទាំងបានបញ្ជាក់ទៀតថា ក្នុងចំណោមមីស៊ីលខាងលើនេះ ក៏រួមមាននូវមីស៊ីលដែលរូបលោកផ្ទាល់ហៅថា មហាកំពូលមីស៊ីលលឿនជាងសំឡេង ដែលមានល្បឿនលឿនជាងមីស៊ីល Hypersonic ដែលអភិវឌ្ឍឡើងដោយរុស្ស៉ី និងចិនដល់ទៅ ១៧ដងឯណោះ។ លោក Hoffman វិញក៏បានបញ្ជាក់ដែរថា ការអភិវឌ្ឍមីស៊ីល Hypersonic ទាំងនេះ គឺដើម្បីកុំឲ្យចាញ់គូប្រជែងរបស់សហរដ្ឋអាមេរិក។

គួរជម្រាបថា មីស៊ីល Hypersonic គឺជាប្រភេទមីស៊ីលទាំងឡាយណា ដែលអាចហោះក្នុងល្បឿនលឿនជាងសំឡេងចាប់ពី ០៥ដងឡើងទៅ (ក្នុងខ្យល់អាកាស សំឡេងអាចរត់បានជាង ៣៤០ម៉ែត្រក្នុងមួយវិនាទី)៕