(ប៊ែរឡាំង)៖ ហាងកាហ្វេមួយនៅប្រទេសអាល្លឺម៉ង់ បានប្រារព្វពិធីបើកហាងរបស់ខ្លួនឡើងវិញជូនអតិថិជន ដោយតម្រូវឲ្យអ្នកចូលរួមទាំងអស់ ពាក់មួកម្យ៉ាងនៅលើក្បាលដើម្បីរក្សាគម្លាតសុវត្ថិភាព។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នារសៀលថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២០។

កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ម្ចាស់ហាងកាហ្វេមួយកន្លែងដែលមានឈ្មោះថា Cafe Rothe ស្ថិតនៅទីក្រុង ស្កាវែរីន (Schwerin) ប្រទេសអាល្លឺម៉ង់ បានរៀបចំពិធីបើកទ្វារហាងរបស់ខ្លួនឡើងវិញ ដោយប្រើប្រាស់វិធីសាស្ត្រមួយដ៏គួរឲ្យចាប់អារម្មណ៍ ដើម្បីរក្សាគម្លាតសុវត្ថិភាពីគ្នា។ វិធីសាស្ត្រនោះ ម្ចាស់ហាងបានចែកជូនអ្នកចូលរួមទាំងអស់ នូវមួកសុវត្ថិភាព​ដែលជាការផ្គុំឡើងដោយប៉ុងជ័រវែងៗ ដើម្បីធ្វើឲ្យភ្ញៀវរក្សាគម្លាតពីគ្នាដោយឯកឯង ជាជាងការប្រើគំនូសសម្គាល់លើកម្រាលឥដ្ឋ។

ម្ចាស់ហាងខាងលើ បានបង្ហោះរូបថតមួយសន្លឹកនៅលើប្រព័ន្ធទំនាក់ទំនងសង្គម ដោយមានអមជាមួយសំណេរមួយឃ្លាយ៉ាងដូច្នេះថា «ថ្ងៃនេះវិធានការរក្សាគម្លាតសុវត្ថិភាព គឺបែបហ្នឹងឯង»

គួរជម្រាបថា អាជ្ញាធរអាល្លឺម៉ង់បានសម្រេចដកចេញវិញ នូវវិធានការរឹតត្បិតមួយចំនួន បន្ទាប់ពីអធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺគែល (Angela Merkel) បាននិយាយថា ប្រទេសនេះបានឆ្លងផុតដំណាក់កាលទី ១ នៃការឆ្លងរាតត្បាតនៃជំងឺ COVID-19 ហើយ។ ទោះជាយ៉ាងណាលោកស្រីបានព្រមានថា ប្រទេសអាល្លឺម៉ង់អាចនឹងប្រឈមនឹងរលកទី ២ ទៀត ប្រសិនបើមនុស្សម្នាបោះបង់ចោល នូវវិធានការរក្សាគម្លាតពីគ្នាដើម្បីសុវត្ថិភាពនោះ។

រហូតមកទល់ពេលនេះ អាល្លឺម៉ងបានកត់ត្រាករណីឆ្លង COVID-19 សរុបចំនួនជាង ១៧៥,០០០ករណី ក្នុងនោះស្លាប់ ៨,០០១នាក់ និង ១៥២,៦០០នាក់ផ្សេងទៀត​បានជាសះស្បើយឡើងវិញ៕