(សេអ៊ូល)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២០ នេះតែម្តង អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 តែ ១៩នាក់ថ្មីទៀតប៉ុណ្ណោះ ដែលវាអត្រាឆ្លងប្រចាំថ្ងៃ ធ្លាក់ចុះមកក្រោម ២០ករណីវិញ ក្រោយពីបានឡើងដល់ជាង ២០ករណីជាប្រចាំថ្ងៃជិតមួយសប្តាហ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់។
នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ កូរ៉េខាងត្បូងបានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ១៩នាក់ក្នុងនោះ ០៩នាក់ជាករណីឆ្លងក្នុងស្រុក និង ១០នាក់ទៀតជាករណីនាំចូល ដែលប្រការនេះបានធ្វើឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះកើនឡើងដល់ ១១,០៣៧ករណី។ ដោយឡែកសម្រាប់ករណីស្លាប់់វិញក៏មាន ០២នាក់បន្ថែមទៀតដែរ កាលពីថ្ងៃសុក្រ នាំឲ្យមនុស្សស្លាប់សរុបដោយសារជំងឺ COVID-19 នៅកូរ៉េខាងត្បូងកើនដល់ ២៦២នាក់។
គួរបញ្ជាក់ថា ចំនួនអ្នកជាសះស្បើយពី COVID-19 នៅកូរ៉េខាងត្បូង បានកើនឡើងដល់ ៩,៨៥១នាក់ហើយ ក្រោយពីអ្នកជាសះស្បើយ ៣០នាក់ទៀត ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃដដែល។
កូរ៉េខាងត្បូងត្រូវបានចាត់ទុក ជាប្រទេសដែលទទួលបានជោគជ័យ បន្ទាប់ពីចិន ក្នុងការទប់ស្កាត់ការផ្ទុះ COVID-19 ជាលក្ខណៈទ្រង់ទ្រាយធំ ប៉ុន្តែក្រោយការកើតមានករណីឆ្លងជាចង្កោម នៅក្នុងក្លឹបកម្សាន្តមួយនាទីក្រុងសេអ៊ូល គ្រាប់គ្នាមានការភ័យខ្លាចជាថ្មីថា វានឹងអាចក្លាយជារលកទី ២ នៃការផ្ទុះជំងឺឆ្លងនេះឡើងវិញ៕