(វ៉ាស៊ីនតោន)៖ ការធ្វើតេស្ដថ្នាំលើមនុស្សបានចាប់ផ្ដើមហើយ នៅក្នុងសហរដ្ឋអាមេរិក ដើម្បីវាយតម្លៃថាតើការប្រើប្រាស់រួមគ្នា នូវថ្នាំប្រឆាំងជំងឺគ្រុនចាញ់ អ៉ីដ្រុកស៊ីក្លរ៉ូជ្វីន (hydroxychloroquine) ជាមួយថ្នាំអង់ទីប៊ីយ៉ូទិច អាហ្ស៊ីស្រូម៉ាយស៊ីន (azithromycin) មានប្រសិទ្ធភាពអាចព្យាលបាល COVID-19 ដែរឬទេ។ នេះបើសេចក្ដីថ្លែងការណ៍របស់ វិទ្យាស្ថានជាតិសុខភាពអាមេរិក (NIH) ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២០។

ការធ្វើតេស្ដនឹងត្រូវធ្វើឡើងលើអ្នកជងឺជិត ២,០០០នាក់ នៅទូទាំងសហរដ្ឋអាមេរិក ដែលបានឆ្លងវីរុសកូរ៉ូណាថ្មី (SARS-CoV-2) បង្កជាជំងឺ COVID-19 និងមានរោគសញ្ញា គ្រុនក្ដៅ, ក្អក ឬពិបាកដង្ហើម។ បន្ថែមពីលើនេះ ក្រុមអ្នកជំនាញរំពឹងថា ក្នុងចំណោមអ្នកចូលរួមក្នុងការធ្វើតេស្ដថ្នាំទាំងពីរនេះ ក៏អាចនឹងមានមនុស្សវ័យ ៦០ឆ្នាំ ឬច្រើនជាងនេះ ឬក៏មនុស្សមានជំងឺប្រចាំកាយស្រាប់ ដែលមានរោគសញ្ញាធ្ងន់ធ្ងរ COVID-19 ចូលរួមផងដែរ។

បើតាមសេចក្ដីថ្លែងការណ៍ខាងលើដដែល អ្នកចូលរួមនឹងត្រូវទទួលការធ្វើតេស្ដជាក្រុម ដោយពួកគេនឹងផឹកថ្នាំ hydroxychloroquine ក្នុងបរិមាណ ៤០០មីលីក្រាមចំនួន ០២ដង ក្នុងមួយថ្ងៃសម្រាប់ថ្ងៃដំបូង និង ២០០មីលីក្រាមចំនួន ០២ដងក្នុងមួយថ្ងៃ សម្រាប់ ០៦ថ្ងៃបន្ថែម។ មិនតែប៉ុណ្ណោះ ពួកគេក៏នឹងផឹកថ្នាំ azithromycin ៥០០មីលីក្រាមផងដែរ នៅថ្ងៃដំបូង និង ២៥០មីលីក្រាមជារៀងរាល់ថ្ងៃ សម្រាប់រយៈពេល ០៤ថ្ងៃបន្ថែម។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះតែម្តង ចំនួនករណីឆ្លងជំងឺ COVID-19 មានសរុប ១,៤៨៤,២៨៥ករណី ក្នុងនោះស្លាប់ ៨៨,៥០៧នាក់ និងជាសះស្បើយឡើងវិញ ៣២៦,២៤២នាក់៕