(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិន នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប្រទេសចិនបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ០៤ ករណីបន្ថែមទៀត ដែលជាករណីឆ្លងក្នុងស្រុកទាំងអស់តែម្តង។ ចំណែកឯករណីនាំចូលពីក្រៅប្រទេសវិញ គឺគ្មានឡើយសូម្បីតែម្នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

គណៈកម្មការសុខាភិបាលចិន (NHC) បានគូសបញ្ជាក់ថា ០៤ករណីដែលជាករណីឆ្លងក្នុងស្រុកទាំងអស់លើ ត្រូវបានគេរាយការណ៍ចេញពីខេត្តជីលីន (Jilin) ភាគឦសានប្រទេស។

សម្រាប់រយៈពេលដូចគ្នានេះអាជ្ញាធរសុខាភិបាលចិន ក៏បានរកឃើញអ្នកជាសះស្បើយឡើងវិញពីជំងឺ COVID-19 ចំនួន ១៤នាក់ផងដែរ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុបនៅទូទាំងប្រទេសចិន កើនដល់ ៧៨,២០៩នាក់។

គួរជម្រាបថា បើបូកបញ្ជូលទាំងករណីឆ្លងថ្មីៗ០៤ករណីខាងលើ ដែលបានរាយការណ៍នៅថ្ងៃនេះ វាធ្វើឲ្យចំនួនករណីឆ្លងសរុបទាំងអស់ នៅទូទាំងប្រទេសចិនកើនដល់៨២,៩៣៣ករណី ខណៈតួលេខនៃករណីអ្នកស្លាប់ គឺនៅរក្សាបានត្រឹម ៤,៦៣៣នាក់ដដែល ពោលគឺគ្មានករណីស្លាប់ឡើយសូម្បីតែម្នាក់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ៕