(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញសញ្ញាកាន់តែតានតឹងថែមទៀត សម្រាប់ទំនាក់ទំនងរបស់លោក ជាមួយប្រទេសចិនជុំវិញការផ្ទុះឡើងនៃជំងឺ COVID-19 ដោយលោកបាននិយាយថា លោកគ្មានចំណាប់អារម្មណ៍ ក្នុងការនិយាយទៅកាន់ប្រធានាធិបតីចិន ស៊ី ជីនពីង នៅពេលនេះទេ ព្រមជាមួយគ្នានោះ លោក ត្រាំ ថែមទាំងបានបញ្ជាក់ទៀតថា លោកអាចនឹងកាត់ផ្តាច់ទំនាក់ទំនង ជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ ២ លើពិភពលោកនេះទៀតផង។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ បានលើកឡើងដូចខាងលើ នៅក្នុងកិច្ចសម្ភាសន៍មួយ ជាមួយទូរទស្សន៍ Fox Business ដែលបានចាក់ផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា (ពេលវេលានៅវ៉ាស៊ីនតោន)។ នាឱកាសនោះប្រធានាធិបតីរូបនេះ បាននិយាយថា លោកមានការខកចិត្តយ៉ាងខ្លាំង ចំពោះការបរាជ័យរបស់ចិនក្នុងការគ្រប់គ្រងជំងឺ COVID-19 ដែលការរាជ័យនេះ វាបានបំផ្លាញដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម កាលពីខែកមរាកន្លងទៅនេះ រវាងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង ដែលលោកធ្លាប់បានកោតសរសើរថា ជាសមិទ្ធផលដ៏ធំអស្ចារ្យមួយ។
«ពួកគេ (ចិន) មិនគួរបណ្តោយឲ្យរឿងនេះកើតឡើងឡើយ... ខ្ញុំបានចុះកិច្ចព្រមព្រៀងពណិជ្ជកម្មមួយដ៏អស្ចារ្យ តែឥឡូវនេះខ្ញុំមានអារម្មណ៍មិនដូចមុនទេ។ ពេលចុះហត្ថលេខារួចរាល់ ស្រាប់តែជំងឺឆ្លងនេះវាកើតឡើង វាពិតជាបានធ្វើឲ្យខ្ញុំ មានអារម្មណ៍មិនដូចមុនឡើយ», នេះជាការលើកឡើងរបស់លោកប្រធាធិបតី ដូណាល់ ត្រាំ ចំពោះមុខវិបត្តិ COVID-19 នៅសហរដ្ឋអាមេរិកកាន់តែធ្ងន់ធ្ងរ។
នៅពេលដែលបាននិយាយទៅដល់ឈ្មោះលោក ស៊ី ជិនពីង ដែលប្រធានាធិបតីអាមេរិករូបនេះ តែងតែរំលឹកម្តងជាពីរដងថា លោកមានទំនាក់ទំនងល្អជាមួយគ្នា ប៉ុន្តែនៅក្នុងកិច្ចសម្ភាសន៍ខាងលើនេះ លោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «ឥឡូវនេះ ខ្ញុំមិនចង់និយាយទៅកាន់គាត់ (លោក ស៊ី ជិនពីង) នោះទេ»។
ដោយឡែកនៅពេលលោកត្រូវបានគេសួរនាំ អំពីសំណើរបស់សមាជិកព្រឹទ្ធសភាមួយរូប មកពីគណបក្សសាធារណរដ្ឋ ដែលចង់បញ្ឈប់ការផ្តល់ទិដ្ឋាការដល់និស្សិតចិន ដែលដាក់ពាក្យសុំសិក្សាលើវិស័យសន្តិសុខជាតិ និងបញ្ញាសិប្បនិម្មិត (AI) លោក ដូណាល់ ត្រាំ បានឆ្លើយតបយ៉ាងដូច្នេះថា «មានរឿងជាច្រើន ដែលយើងអាចធ្វើបាន។ យើងអាចធ្វើអ្វីគ្រប់យ៉ាងបាន។ យើងក៏អាចកាត់ផ្តាច់ទំនាក់ទំនង ទាំងមូលតែម្តងជាមួយចិន»។
គួរជម្រាបថា លោក ត្រាំ និងអ្នកគាំទ្ររបស់លោក បានចោទប្រកាន់ទីក្រុងប៉េកាំងម្តងជាពីរដងថា ចិនមិនបានជូនដំណឹងដល់ពិភពលោកអំពីភាពធ្ងន់ធ្ងរ និងវិសាលភាពនៃការផ្ទុះឡើងនៃជំងឺ COVID-19 បានទាន់ពេលវេលា ដែលជាហេតុបង្កឲ្យមានវិបត្តិសេដ្ឋកិច្ចសកល យ៉ាងខ្លាំងក្លាបែបនេះ និងបានគំរាមកំហែងដល់ឱកាសឈ្នះឆ្នោត ធ្វើជាប្រធានាធិបតីរបស់លោកសាជាថ្មី នាខែវិច្ឆិកាខាងមុខនេះផងដែរ៕