(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយថា មេដឹកនាំគណបក្សប្រឆាំង លោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) បានពិភាក្សាពីគម្រោង ឈ្លានពានតាមច្រកសមុទ្រ និងធ្វើរដ្ឋប្រហារទម្លាក់រូបលោកចេញពីតំណែង កំឡុងបំពេញទស្សនកិច្ចមួយទៅកាន់សេតវិមាននៃប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២០។

លោក ម៉ាឌូរ៉ូ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍​នៅថ្ងៃពុធសប្ដាហ៍នេះ។ ប្រធានាធិបតីវេណេស៊ុយអេឡារូបនេះ​បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នៅសេតវិមានកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ជាពេលដែលលោក Juan Guaido បានជួបជាមួយលោក ចរដាន ហ្គោដ្រូ (Jordan Goudreau) ដែលជាប្រធានក្រុមហ៊ុនសន្តិសុខ ស៊ីលវើខប (Silvercorp) តាមបញ្ជារបស់លោក ដូណាល ត្រាំ ដើម្បីរៀបចំផែនការវាយប្រហារ»

លោក ម៉ាឌូ បានបន្ថែមទៀតថា វាគឺជារឿងងាយស្រួលបំផុត​ក្នុងការបញ្ជាក់ពីវត្តមានរបស់លោក Goudreau នៅសេតវិមានចន្លោះឆ្នាំ២០១៩ និងឆ្នាំ២០២០ និងពីបន្ទប់ប្រជុំដែលលោកបានជួបលោក Guaido។ ប៉ុន្តែលោក ម៉ាឌូរ៉ូ មិនបានបង្ហាញភស្ដុតាងបន្ថែម ដើម្បីការពារការអះអាងរបស់លោកនោះទេ។

គួរជម្រាបថា កាលពីសប្ដាហ៍មុនអាជ្ញាធរវេណេស៊ុយអេឡាបានឱ្យដឹងថា ខ្លួនបានសម្លាប់ទាហានស៊ីឈ្នួល ០៨នាក់ និងចាប់ខ្លួនមនុស្ស ៤៨នាក់ផ្សេងទៀត ស្ថិតក្រោមការសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការឈ្លានពានតាមសមុទ្រ និងមានគម្រោងធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលរបស់លោក ក៏ដូចជាសម្លាប់រូបលោកចោលតែម្ដង។ លោក ម៉ាឌូរ៉ូ បានចោទសហរដ្ឋអាមេរិក និងលោក Juan Guaido ជាអ្នកនៅពីក្រោយផែនការទាំងនេះ តែលោក Guaido និងលោក ដូណាល់ ត្រាំ បានទាត់ចោលការចោទប្រកាន់របស់លោក ម៉ាឌូរ៉ូ៕