(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ បានប្រកាសថា រដ្ឋាភិបាលរបស់លោកនឹងលុបចោល «ភាពអាសន្ន» សម្រាប់ខេត្ត ៣៩ ក្នុងចំណោមខេត្តទាំង ៤៧ នៅថ្ងៃព្រហស្បតិ៍នេះតែម្ដង ពោលមុននឹងវិធានការដាក់ប្រទេស ក្នុងគ្រាអាសន្នអស់សុពលភាព នៅចុងខែឧសភានេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២០។

ការប្រកាសខាងលើរបស់លោក អាបេ ស៊ីនហ្សូ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ​ស្ដីពីស្ថានភាព COVID-19 ហើយការសម្រេចចិត្តរបស់លោកផងដែរ កើតមានឡើងក្រោយករណីឆ្លង នៅក្នុងខេត្តចំនួន ៣៩ខាងលើមានការថយចុះ។ ប៉ុន្តែបើតាមលោក អាបេ ខេត្តហុកកៃដូ, ទីក្រុងតូត្យូ, ខេត្តឈិបា (Chiba), កាណាហ្គាវ៉ា (Kanagawa), និងខេត្តសាអ៉ិតាម៉ា (Saitama) រួមទាំងទីក្រុងក្យូតូ, អូសាកា និងខេត្ត ហ៊ីយ៉ូហ្គុ (Hyogo) នឹងនៅតែស្ថិតនៅក្រោមវិធានការគ្រាអាសន្នដដែល។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers បច្ចុប្បន្នជប៉ុនមានករណីឆ្លង COVID-19 សរុប ១៦,០៤៩ករណី ក្នុងនោះស្លាប់ ៦៧៨នាក់ និងជាសះស្បើយឡើងវិញ ៨,៩២០នាក់៕