(ប៉ារីស)៖ បារាំងបានឆ្លើយតបចំពោះការព្រមានពីចិន ជុំវិញកិច្ចព្រមព្រៀងលក់អាវុធទៅឲ្យកោះតៃវ៉ាន់ ដោយថាទីក្រុងប៉េកាំងគួរផ្តោតតែទៅ​ការប្រយុទ្ធប្រឆាំង COVID-19 វិញ ទើបប្រសើរជាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២០។

ក្រសួងការបរទេសចិនបានលើកឡើងថា តៃវ៉ាន់ជាផ្នែកមួយរបស់ចិន ហើយប្រទេសទាំងឡាយណា ដែលមានទំនាក់ទំនងការទូតផ្លូវការ​ជាមួយទីក្រុងប៉េកាំង គឺត្រូវតែគោរព «គោលនយោបាយចិនតែមួយ»។ កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រសួងការបរទេសចិនក៏បានឆ្លើយតប​ទៅវិញថា ទីក្រុងប៉ារីសមិនបានប្រាសចាកពី «គោលនយោបាយចិនតែមួយ» ឡើយ តាំងតែពីឆ្នាំ១៩៩៤មក ប៉ុន្តែអ្វីដែលគួរផ្តោតសំខាន់​នាពេលបច្ចុប្បន្ននេះ គឺការប្រយុទ្ធប្រឆាំងជំងឺឆ្លងរាតត្បាត COVID-19។

គួរជម្រាបថា ការកើតមានឡើងនៃបញ្ហាវិវាទខាងលើចំពេលនេះ អាចចាត់ទុកថាជាស្ថានការណ៍លំបាកមួយសម្រាប់បារាំង ព្រោះបារាំង​កន្លងមក បានបញ្ជាទិញម៉ាសរាប់សិបលានបន្ទះពីចិន សម្រាប់ប្រយុទ្ធប្រឆាំង COVID-19។ រីឯកាលពីខែមេសា ក្រសួងការបរទេសបារាំង ក៏បានកោះហៅអគ្គរដ្ឋទូតចិន ជុំវិញការបង្ហោះសាររិះគន់កិច្ចប្រឹងប្រែងរបស់ប្រទេសលោកខាងលិច ក្នុងការដោះស្រាយវិបត្តិ COVID-19 ផងដែរ៕