(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក WHO បានព្រមានថា វីរុសកូរ៉ូណាថ្មីបង្កជាជំងឺរលាកផ្លូវដង្ហើម COVID-19 នឹងមិនរលាយបាត់នោះទេ ហើយបើទោះជាមានវ៉ាក់សាំងក៏ដោយ ក៏ពិភពលោកនៅតែចាំបាច់ ត្រូវមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីគ្រប់គ្រងវីរុសនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២០។

នាយកផ្នែកសង្រ្គោះបន្ទាន់អង្គការ WHO លោក ម៉ៃក៍ រីយ៉ាន (Mike Ryan) បានធ្វើការព្រមានដូចខាងលើ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃពុធសប្ដាហ៍នេះពីទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ស្ថិតក្នុងឱកាសនោះ លោក Mike បានលើកឡើងយ៉ាងដូច្នេះថា «វាពិតជាសំខាន់ណាស់ ដែលត្រូវលើកយកបញ្ហានេះមកជជែកពិភាក្សា។ វីរុសនេះ (COVID-19) អាចនឹងក្លាយជាវីរុសឆ្លងថ្មីមួយទៀត នៅក្នុងសហគមន៍របស់យើង ហើយវាប្រហែលជាមិនរលាយបាត់នោះទេ... ដូច្នេះដើម្បីគ្រប់គ្រងវីរុសនេះ យើងត្រូវការកិច្ចខិតខំប្រឹងប្រែងទាំងអស់គ្នា»។ លោកបន្ថែមថា វីរុស HIV មិនបានរលាយបាត់ឡើយ ប៉ុន្តែមនុស្សអាចគ្រប់គ្រងវីរុសនេះបាន។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ វ៉ាក់សាំងច្រើនជាង ១០០ ប្រភេទ-ទីតាំង កំពុងស្ថិតនៅក្នុងការអភិវឌ្ឍ ខណៈមនុស្សជិត ៣០០,០០០នាក់បានស្លាប់ និង ច្រើនជាង ៤.៣លាននាក់បានឆ្លង COVID-19 នៅទូទាំងពិភពលោក៕