(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញការខ្វែងគំនិតគ្នាកាន់តែខ្លាំង ជាមួយក្រុមអ្នកជំនាញវេជ្ជសាស្ត្រជាន់ខ្ពស់អាមេរិក ដែលដឹកនាំដោយបណ្ឌិត អាន់ថូនី ហ្វូស៊ី (Anthony Fauci) ជុំវិញការបន្ធូរបន្ថយវិធានការរឹតត្បិត បើកដំណើរការសេដ្ឋកិច្ចអាមេរិកឡើងវិញ និងក្នុងនោះក៏មានការបើកសាលារៀនផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២០។
នៅពេលនេះ ការសម្រេចចិត្តថាត្រូវឲ្យសិស្សចូលរៀនវិញដែរ ឬមួយក៏យ៉ាងណានោះ កំពុងក្លាយជាចំណុចប្រកែកគ្នាថ្មីមួយទៀត រវាងសេតវិមានលោក ដូណាល់ ត្រាំ និងក្រុមអ្នកជំនាញដឹកនាំដោយលោក អាន់ថូនី ហ្វូស៊ី ខណៈដែលក្រុមជំនាញវេជ្ជសាស្ត្រ នៅតែប្រកាន់ជំហររបស់ពួកគេថា ការបើកដំណើរការសកម្មភាពនានា ឡើងវិញលឿនពេក នោះនឹងធ្វើឲ្យមានអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 កាន់តែច្រើននៅសហរដ្ឋអាមេរិក។
នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ ថែមទាំងបានលើកឡើងថា លោកចាត់ទុកការអំពាវនាវ ពីសំណាក់លោក អាន់ថូនី ហ្វូស៊ី ឲ្យសហរដ្ឋអាមេរិកបើកដំណើរការសេដ្ឋកិច្ច អាមេរិកឡើងវិញប្រកបដោយការប្រុងប្រយ័ត្នខ្ពស់បំផុតនោះថា «ជារឿងដែលមិនអាចទទួលយកបាន»។ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ឥឡូវនេះ យើងកំពុងបើកប្រទេសយើងឡើងវិញហើយ ព្រោះប្រជាជនចង់បានបែបនេះ។ សាលារៀននានាក៏នឹងត្រូវបើកទ្វារផងដែរ»។
គួរបញ្ជាក់ថា លោក អាន់ថូនី ហ្វូស៊ី ដែលជាអ្នកជំនាញជាន់ខ្ពស់មួយរបស់ សហរដ្ឋអាមេរិក និងអន្តរជាតិ នោះ បានឡើងទៅធ្វើការស្រាយបំភ្លឺក្នុងសភាអាមេរិក កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយក្នុងនោះលោកបានព្រមានថា «ការបញ្ចប់វិធានការរឹតត្បិតលឿនខ្លាំងពេក នឹងធ្វើឲ្យបញ្ហាកាន់តែអាក្រក់ខ្លាំងជាទីបំផុត។ វាគឺជាហានិភ័យយ៉ាងពិតប្រាកដ ដែលអ្នកនឹងត្រូវប្រឈមមុខចំពោះការផ្ទុះ (COVID-19) ដែលអ្នកនឹងមិនអាចមានសមត្ថភាពគ្រប់គ្រងវាបានឡើយ»៕