(អាហ្វ្រិក)៖ ទីបំផុតឡេសូថូ (Lesotho) បានក្លាយជាប្រទេសចុងក្រោយទី ៥៤ នៅទ្វីបអាហ្វ្រិក ដែលបានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ជាលើកដំបូង នាំឲ្យទ្វីបអាហ្វ្រិកទាំងមូលជាទ្វីបដែលមានករណីឆ្លងជំងឺនេះ គ្រប់ប្រទេសទាំងអស់តែម្តង។ នេះបើតាមការចេញផ្សាយដោយស៊ីនហួរ នាយប់ថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០។
អាជ្ញាធរសុខាភិបាល Lesotho បានបញ្ជាក់ឲ្យដឹងថា ខ្លួនបានទាញយកសំណាកពីអ្នកដំណើរមកពីប្រទេសអាហ្វ្រិកខាងត្បូង និងអារ៉ាប៊ីសាអូឌីតសរុប ៨១នាក់ រួចបញ្ជូនសំណាកទាំងនោះ ទៅឲ្យប្រទេសអាហ្វ្រិកខាងត្បូងជួយពិនិត្យ ហើយជាលទ្ធផលគឺម្នាក់ក្នុងចំណោម ៨១នាក់មានផ្ទុក COVID-19។
គួរបញ្ជាក់ថា នៅក្នុងទ្វីបអាហ្វ្រិកទាំងមូល ដែលមានប្រទេសតូចធំសរុប ៥៤ប្រទេសនោះ គិតត្រឹមថ្ងៃពុធនេះមានករណីឆ្លងជំងឺ COVID-19 សរុប ៧១,៦៨៩ករណីហើយ ក្នុងនោះស្លាប់ ២,៤៣៤នាក់ និងជាសះស្បើយឡើងវិញ ២៥,២២១នាក់់។ សម្រាប់ប្រទេសដែលរងគ្រោះធ្ងន់ជាងគេប្រចាំទ្វីបនេះ គឺអាហ្វ្រិកខាងត្បូង ដែលមានករណីឆ្លងសរុប ១១,៣៥០ករណី ក្នុងនោះស្លាប់សរុប ២០៦នាក់ និងជាសះស្បើយឡើងវិញ ៤,៣៥៧នាក់៕