(ប្រេសុីល)៖ អាជ្ញាធរសុខាភិបាលប្រេសុីល នៅថ្ងៃពុធនេះ បានកត់ត្រាចំនួនអ្នកស្លាប់ថ្មីដោយសារជំងឺ COVID-19 រហូតទៅដល់ ៨៨១ នាក់ កាលពីថ្ងៃអង្គារម្សិលមិញនេះ ដែលជាតួលេខអ្នកស្លាប់ប្រចាំថ្ងៃខ្ពស់បំផុត ពុំធ្លាប់មាន ចាប់តាំងពីថ្ងៃទី៨ ខែឧសភា មក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០។
បច្ចុប្បន្ន ប្រទេសប្រេសុីល ដែលជាចំណុចកណ្តាលនៃការផ្ទុះរីករាលនៃជំងឺ COVID-19 នៅអាមេរិកឡាទីន ឥឡូវនេះបានក្លាយជាប្រទេសឈរលំដាប់ទី៦ ដែលមាន ចំនួនអ្នកស្លាប់ច្រើនជាងគេ ដោយសារជំងឺដ៏កាចសាហាវមួយនេះ ហើយបើតាមអ្នកជំនាញ តួលេខពិប្រាកទំនងអាចនឹងមានច្រើនជាងតួលេខផ្លូវការនេះឆ្ងាយណាស់ ដ្បិត ប្រទេសមួយនេះខ្វះខាតក្នុងការធ្វើតេស្ត។
គួរជម្រាបថា ចំនួនករណីឆ្លងសរុប ដែលបានបញ្ជាក់នៅក្នុងប្រទេសប្រេសុីល បច្ចុប្បន្ន មានចំនួន ១៧៧,៥៨៩ ករណី បន្ទាប់ពីបានរកឃើញករណីឆ្លងថ្មីចំនួនជាង ៩,០០០ ករណីបន្ថែមទៀតកាលពីថ្ងៃអង្គារ ម្សិលមិញនេះ។ ចំណែកឯ ចំនួនករណីអ្នកស្លាប់សរុបវិញ បានកើនដល់ ១២,៤០០ នាក់ ខណៈអ្នកជាសះស្បើយមានចំនួនជាង ៧២,០០០ នាក់៕