(យូអិន)៖ អង្គការយូនីសេហ្វ (UNICEF) កំពុងអំពាវនាវស្នើសុំថវិកាចំនួន១.៦ពាន់លានដុល្លារ ដើម្បីជួយដល់កុមារដែលរងគ្រោះដោយសារ​វិបត្តិជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ​ នៅថ្ងៃអង្គារ​ ទី១២ ខែឧសភា ឆ្នាំ២០២០។

អង្គការ UNICEF នាថ្ងៃចន្ទសប្តាហ៍នេះ បានលើកឡើងថា ការសុំជំនួយខាងលើដែលមានទំហំធំជាងការសុំស្រដៀងគ្នា កាលពីចុងខែមីនា គឺឆ្លុះបញ្ចាំងឲ្យឃើញពីផលវិបាកយ៉ាងធ្ងន់ធ្ងរផ្នែកសង្គម-សេដ្ឋកិច្ច ដែល COVID-19 បានបង្កឡើង ហើយខណៈវិបត្តិនេះនៅតែអូសបន្លាយ​យូរប៉ុនណា ការចំណាយសម្រាប់សកម្មភាពជំនួយក៏កើនឡើងខ្លាំងទៅតាមនោះដែរ។

យោងតាមការអះអាងរបស់អង្គការ UNICEF សេវាកម្មសំខាន់ៗដូចជាការថែទាំងសុខភាព និងការចាក់វ៉ាក់សាំង គឺបានរងការប៉ះពាល់រួចជា​ស្រេចសម្រាប់កុមាររាប់រយលាននាក់នៅជុំវិញពិភពលោក ដែលប្រការនេះអាចនឹងធ្វើឲ្យកើនឡើងនូវអត្រាមរណៈរបស់កុមារ។ ក្រៅពីនេះ កុមារក៏កំពុងប្រឈមភាពតានតឹងកាន់តែខ្លាំងផ្នែកសតិអារម្មណ៍ផងដែរ ដោយសារវិធានការរឹតត្បិតដើម្បីទប់ស្កាត់ COVID-19 ដូចជាការ​បិទទ្វារសាលារៀនជាដើម។ ចំណែក ហានិភ័យនៃការប្រើអំពើហិង្សា និងកង្វះការថែទាំក៏ដូចជាយកចិត្តទុកដាក់ចំពោះពួកគេ ក៏អាចនឹង​កើនឡើងដូចគ្នា។

អង្គការ UNICEF បច្ចុប្បន្នកំពុងតែផ្តោតការឆ្លើយតបចំពោះ COVID-19 នោតាមបណ្តាប្រទេស ដែលមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរស្រាប់ និង​​កំពុងតែប្រឹងប្រែងទប់ស្កាត់ការឆ្លងជំងឺដោយផ្ទាល់ផង និងកាត់បន្ថយផលប៉ះពាល់របស់វាចំពោះកុមារ ព្រមទាំងស្រ្តី និងជនដែលងាយរង​គ្រោះ ជាពិសេសពាក់ព័ន្ធការធានាឲ្យបានថា ពួកគេទទួលបានការផ្តល់សេវាសុខភាព អាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យ ការអប់រំ និងការការពារ។

គួរជម្រាបថា មកទល់ពេលនេះ UNICEF ទទួលបានជំនួយសរុបចំនួន២១៥លានដុល្លារ សម្រាប់យុទ្ធនាការឆ្លើយតបវិបត្តិជំងឺរាតត្បាតជា​សកល COVID-19៕