(សិង្ហបុរី)៖ អាជ្ញាធរសុខាភិបាលសិង្ហបុរីនាថ្ងៃអង្គារនេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃ COVID-19 ចំនួន៨៨៤នាក់ទៀត នាំឲ្យ​ចំនួនករណីឆ្លងសរុបកើនដល់២៤,៦៧១នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃអង្គារ​ ទី១២ ខែឧសភា ឆ្នាំ២០២០។

ភាគច្រើននៃករណីឆ្លងថ្មីៗទាំងនោះ ជាក្រុមពលករដែលរស់នៅតាមអគារស្នាក់នៅសម្រាប់ពលបរទេស ក្នុងប្រទេសសិង្ហបុរីដដែល ហើយ​មានតែ០៣ករណីប៉ុណ្ណោះ ដែលជាពលរដ្ឋសិង្ហបុរី ឬអ្នកមានទីលំនៅអចិន្រ្តៃយ៍។ មកទល់ពេលនេះ អ្នកជំងឺ COVID-19 សរុប២១នាក់បាន​បាត់បង់ជិវិត ក្រោយម្នាក់ទៀតទើបតែស្លាប់កាលពីថ្ងៃចន្ទម្សិលមិញ។ រីឯចំនួនអ្នកជាសះស្បើយសរុបវិញគឺមាន៣,៣៥៦នាក់។

គួរជម្រាបថា កាលពីថ្ងៃចន្ទដដែល សិង្ហបុរីបានប្រកាសរកឃើញករណីឆ្លងថ្មីៗត្រឹម៤៨៦ករណី ដែលមូលហេតុចម្បងគឺមកពីមន្ទីពិសោធន៍​មួយរបស់សិង្ហបុរីត្រូវកែតម្រូវឧបករណ៍ធ្វើតេស្តរបស់ខ្លួនឡើងវិញ ក្រោយក្រសួងសុខាភិបាលសិង្ហបុរីពិនិត្យឃើញ ការធ្វើតេស្តមួយចំនួន​បានចេញ​លទ្ធផលមកខុស៕