(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិន នៅព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញនេះ ប្រទេសចិនបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ត្រឹមតែ ០១ករណីប៉ុណ្ណោះ ដែលជាករណីនាំចូលមកពីក្រៅប្រទេស។ ចំណែកឯករណីឆ្លងក្នុងស្រុកវិញ គឺគ្មានឡើយសូម្បីតែម្នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

០១ករណីដែលជាករណីនាំចូលពីក្រៅប្រទេសខាងលើនេះ គឺត្រូវគេបានរាយការណ៍ចេញពីតំបន់ស្វយ័ត អ៉ីនណឺ ម៉ុងហ្គោលី (Inner Mongolia)។ ជាសរុបចំនួនករណីនាំចូលពីក្រៅប្រទេស បានកើនដល់ ១,៦៩១ករណីហើយ ដោយក្នុងនោះមានអ្នកជំងឺចំនួន ១,៦១១នាក់ បានជាសះស្បើយឡើងវិញ ខណៈ ៨០នាក់ផ្សេងទៀងកំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យនៅឡើយ ក្នុងនោះ ០៣នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ទោះជាយ៉ាងណា មិនមានករណីស្លាប់ត្រូវបានរាយការណ៍ ក្នុងចំណោមករណីនាំចូលទាំងនោះទេ។

ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញ ក្រសួងសុខាភិបាលចិនបានបង្ហាញឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧៨,១៧១នាក់ហើយ បន្ទាប់ពីអ្នកជំងឺចំនួន ២៧នាក់បន្ថែមទៀត ទើបតែបានជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យកាលពីថ្ងៃចន្ទ។

គួរជម្រាបថា បើបូកបញ្ជូលទាំងករណីឆ្លងថ្មី ០១ករណី ដែលបានរាយការណ៍នៅថ្ងៃនេះ វាធ្វើឲ្យចំនួនករណីឆ្លងសរុបទាំងអស់ នៅទូទាំងប្រទេសចិនកើនដល់ ៨២,៩១៩ករណី ខណៈតួលេខនៃករណីអ្នកស្លាប់ គឺនៅរក្សាបានត្រឹម ៤,៦៣៣នាក់ដដែល ពោលគឺគ្មានករណីស្លាប់ឡើយសូម្បីតែម្នាក់ នារយៈពេលជិតមួយខែកន្លងមកនេះ៕