(វ៉ាស៊ីនតោន)៖ ក្រុមជំនាញនៃទីភ្នាក់ងារសន្តិសុខតាមប្រព័ន្ធអ៉ីនធើណិត និងការស៊ើបអង្កេតសហរដ្ឋអាមេរិកបានចោទប្រកាន់ថា ក្រុម hackers ចិនកំពុងតែព្យាយាមលួចទិន្នន័យស្តីអំពីការស្រាវជ្រាវ និងអភិវឌ្ឍវ៉ាក់សាំង ប្រឆាំងវីរុសកូរ៉ូណា (COVID-19) ដែលអាមេរិកកំពុងអភិវឌ្ឍ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០។

ជុំវិញបញ្ហាខាងលើនេះ ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាមេរិក FBI និងក្រសួងសន្តិសុខមាតុភូមិ កំពុងតែត្រៀមចេញសារព្រមានមួយ ស្របពេលដែលរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន អាមេរិកកំពុងបន្តធ្វើការអភិវឌ្ឍ វ៉ាក់សាំងប្រឆាំង COVID-19 នៅឡើយ។ នេះបើតាមប្រភពពីកាសែតអាមេរិក Wall Street Journal និង New York Times។

សហរដ្ឋអាមេរិកថែមទាំងបានធ្វើការចោទប្រកាន់ទៀតថា ក្រុម hackers ខាងលើនេះ មានទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន ដោយក្នុងនោះពួកគេក៏បានព្យាយាមលួចទិន្នន័យ អំពីការគ្រប់គ្រង ព្យាបាល និងធ្វើតេស្តពាក់ព័ន្ធនឹងជំងឺ COVID-19 ផងដែរ។

គួរបញ្ជាក់ថា អ្នកនាំពាក្យក្រសួងការបរទេសចិន ចាវ លីចៀន (Zhao Lijian) បានទាត់ចោល នូវការចោទប្រកាន់ទាំងប៉ុន្មានខាងលើនេះ និងអះអាងជំហរតបវិញថា ប្រទេសចិនប្រឆាំងដាច់ខាត ចំពោះការវាយប្រហារតាមប្រព័ន្ធអ៉ីនធើណិតគ្រប់ប្រភេទ។

នេះមិនមែនជាលើកទី ១ ឡើយដែលសហរដ្ឋអាមេរិក ធ្វើការចោទប្រកាន់មកលើចិន ពាក់ព័ន្ធនឹងបញ្ហា COVID-19 ព្រោះកន្លងមកក៏មានការចោទថា វីរុសកូរ៉ូណាថ្មីត្រូវបានបង្កើតឡើងនៅ ក្នុងមន្ទីរពិសោធន៍ទីក្រុងវូហានផងដែរ ប៉ុន្តែក្រុមជំនាញអន្តរជាតិជាច្រើនរបស់ WHO និងសូម្បីតែនៅសហរដ្ឋអាមេរិកខ្លួនឯងមិនបានយល់ស្រប ចំពោះការចោទប្រកាន់បែបនោះឡើយ៕