(ឡុងដ៍)៖ មនុស្ស ២១០នាក់ទៀតបានបាត់បង់ជីវិត និងអ្នកឆ្លងជំងឺ COVID-19 ៣,៨៧៧នាក់ថ្មីទៀតត្រូវបានរកឃើញ ដែលជាហេតុធ្វើឲ្យចំនួនអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 ក្នុងប្រទេសស្ថិតនៅទ្វីបអឺរ៉ុបមួយនេះ កើនឡើងយ៉ាងគំហុកបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាយប់ថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០។
គិតត្រឹមពេលនេះ ចំនួនមនុស្សស្លាប់សរុបដោយសារ COVID-19 នៅអង់គ្លេសមានសរុប ៣២,០៦៥នាក់ ជាប់លំដាប់ថ្នាក់លេខពីរលើលោក បន្ទាប់ពីសហរដ្ឋអាមេរិក ខណៈចំនួនករណីឆ្លងសរុបវិញមាន ២២៣,០៦០ករណី ជាប់លេខ ៣ បន្ទាប់ពីអាមេរិក និងអេស្ប៉ាញ (មុននេះប៉ុន្មានម៉ោង គឺរុស្ស៊ីលោតមកនៅលេខ ៣)។ ដោយឡែកសម្រាប់ ចំនួនអ្នកជាសះស្បើយវិញ ប្រទេសអង់គ្លេសនៅតែមិនព្រមបញ្ជាក់នោះទេ ដោយគ្មាននរណាបានដឹងថា ព្រោះតែមូលហេតុនោះឡើយ។
គួរបញ្ជាក់ថា នៅថ្ងៃចន្ទសប្តាហ៍ថ្មីនេះ រដ្ឋាភិបាលអង់គ្លេសក៏បានបញ្ចេញផែនការ ៥០ទំព័រផងដែរ។ នៅក្នុងផែនការនោះ គឺមានរៀបរាប់អំពីរបៀបនៃការដាក់ឲ្យជំងឺ COVID-19 បន្តស្ថិតនៅក្រោមការគ្រប់គ្រង និងការត្រៀមដកវិធានការរឹតត្បិតជាបណ្តើរៗ ដើម្បីឲ្យសេដ្ឋកិច្ចអង់គ្លេសបើកដំណើរការឡើងវិញ ដូចបណ្តាប្រទេសមួយចំនួននៅអឺរ៉ុបបានធ្វើរួចទៅហើយ៕