(ហ្សេរុយសាឡឹម)៖ លោកយាយម្នាក់ ដែលមានអាយុរហូតដល់ទៅ ៩៩ឆ្នាំទៅហើយនោះ នៅតែភាពមាំទាំអាចជាសះស្បើយពីជំងឺ COVID-19 ដ៏កាចសាហាវបាន ក្រោមការជួយជ្រោមជ្រែងពីក្រុមគ្រូពេទ្យ នៅក្នុងប្រទេសអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយស៊ីនហួរ នាយប់ថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០។
លោកយាយខាងលើមានឈ្មោះថា ស៊ូស៊ី អ៊ីតស៊ីងហ្គឺ (Susi Itzinger) រួមទាំងស្វាមី លោកយាយបានត្រឡប់មកពីសហរដ្ឋអាមេរិកវិញ កាលពីមួយឆ្នាំមុននេះ ហើយអ្នកទាំងពីរបានឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសអ៉ីស្រាអែលតែម្តង កាលពីអំឡុងពាក់កណ្តាលខែមេសា ឆ្នាំ២០២០ ក្រោយការធ្វើតេស្តនៅក្នុងមណ្ឌលថែទាំមនុស្សចាស់ ក្នុងទីក្រុងហ្សេរុយសាឡឹម។
គួរបញ្ជាក់ថា ថ្វីត្បិតតែលោកយាយខាងលើនេះ បានជាសះស្បើយក៏ពិតមែន ប៉ុន្តែស្វាមីលោកយាយដែលមានអាយុ ៩៦ឆ្នាំ បានបាត់បង់ជីវិត កាលពីប៉ុន្មានថ្ងៃមុននេះទៅហើយ។ បើតាមអាជ្ញាធរអ៉ីស្រាអែល បច្ចុប្បន្នប្រទេសនេះមានករណីឆ្លង COVID-19 សរុប ១៦,៤៩២ករណី ក្នុងនោះស្លាប់ ២៤៥នាក់ និងជាសះស្បើយឡើងវិញ ១១,៥៤៨នាក់៕