(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាត្បូងនៅថ្ងៃចន្ទនេះបានសម្រេចពន្យារពេលក្នុងការបើកសាលារៀនឡើងវិញ រយៈពេលមួយសប្តាហ៍ទៀត ដោយសារតែការព្រួយបារម្ភអំពីការកើនឡើង នៃករណីឆ្លងជាចង្កោមថ្មីៗចេញពីតាមក្លឹបកម្សាន្ត ដែលស្ថិតនៅក្នុងសង្កាត់ពហុវប្បធម៌ Itaewon នៃរដ្ឋធានីសេអ៊ូល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នាថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០។
ក្រសួងអប់រំកូរ៉េខាងត្បូងបានឲ្យដឹងថា ពីដំបូងឡើយសិស្សប្រលងថ្នាក់បាក់ឌុប គឺអាចចូលសាលាវិញនៅថ្ងៃពុធសប្តាហ៍នេះហើយ ប៉ុន្តែក្រសួងបានសម្រេចពន្យារពេលមួយសប្តាហ៍ទៀត គឺរហូតដល់ថ្ងៃទី២០ ខែឧសភា ត្រូវនឹងថ្ងៃពុធសប្តាហ៍ក្រោយ។ ការពន្យារពេលក្នុងការបើកសាលារៀនឡើងវិញនេះ គឺបានកើតឡើងចំពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការឆ្លងរីករាលជាចង្កោម នៅក្នុងសង្កាត់ Itaewon នៃរដ្ឋធានីសេអ៊ូល ដែលបានបណ្តាលឲ្យមានករណីឆ្លងចំនួន៨៦ករណីហើយ ដែលចេញពីចង្កោមថ្មីនេះ។
ចង្កោមនៃការឆ្លងថ្មីខាងលើ ត្រូវគេជឿជាក់ថា បានចាប់ផ្តើមពីបុរសម្នាក់អាយុ២៩ឆ្នាំដែលបានទៅកម្សាន្តនៅក្លឹបនិងរង្គសាលសរុបចំនួន ០៥កន្លែង ក្នុងសង្កាត់ Itaewon នៃទីក្រុងសេអ៊ូលកាលពីចន្លោះយប់ថ្ងៃទី០១ ខែឧសភា និងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០។ បុរសម្នាក់នោះ បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីព្រឹកថ្ងៃទី០៦ ខែឧសភា។ មនុស្សយ៉ាងហោចចំនួន ៥,៥១៧នាក់ ត្រូវគេជឿជាកថា បានទៅកម្សាន្តនៅក្លឹបនិងបារដែលបុរសវ័យ២៩រូបនោះ បានចូល៕