(វែលីងតោន)៖ អាជីវកម្មនៅក្នុងប្រទេសនូវែលសេឡង់ រួមមានផ្សារទំនើប រោងភាពយន្ត ហាងកាហ្វេ និងក្លឹបហាត់ប្រាណ នឹងត្រូវអនុញ្ញាតឲ្យបើកទ្វារដំណើរការឡើងវិញហើយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ស្របពេលវិធានការរឹតត្បិត COVID-19 ត្រូវបានបន្ធូរបន្ថយថែមទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០។
កន្លងមកដោយសារតែការរាតត្បាតខ្លាំងនៃជំងឺ COVID-19 នូវែលសេឡង់បានស្ថិតក្រោមវិធានការបិទប្រទេសអស់រយៈពេលជាងមួយខែ ជាមួយកម្រិតទី៤នៃការរឹតត្បិត។ កម្រិតនៃការរឹតត្បិតនេះ ត្រូវបានបន្ថយមួយដំណាក់មកនៅត្រឹមកម្រិតទី៣ កាលពីចុងខែមេសា បន្ទាប់ពីសភាពការណ៍ចាប់ផ្តើមវិលទៅរកភាពធូរស្រាល។
ឥឡូវនៅថ្ងៃចន្ទនេះ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី Jacinda Ardern បានប្រកាសថា រដ្ឋាភិបាលលោកស្រីបានសម្រេចបន្ថយកម្រិតរឹតត្បិតមួយកម្រិតទៀតគឺទៅកម្រិតទី២ ដែលមានន័យថា ហាងលក់ដូរទំនិញទូទៅ រោងភាពយន្ត ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ និងកន្លែងសាធារណៈមួយចំនួន រួមមានទាំងសួនច្បារ នឹងអាចបើកវិញបានចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ បើតាមលោកស្រី Ardern សាលារៀនអាចបើកទ្វារវិញនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ខណៈរង្គសាលនឹងអាចដំណើរការឡើងវិញចាប់ពីថ្ងៃទី២១ ខែឧសភា។ សម្រាប់ចំនួនមនុស្សជួបជុំគ្នានៅទីសាធារណៈវិញ គឺមិនត្រូវលើសពី១០នាក់ឡើយ។
គួរជម្រាបថា ចំនួនអ្នកឆ្លង COVID-19 សរុបនៅទូទាំងប្រទេសនូវែលសេឡង់ មាន១,៤៩៧នាក់ ក្នុងប៉ុន្តែភាគច្រើនបានជាសះស្បើយវិញអស់ហើយ ដោយនៅសល់អ្នកជំងឺត្រឹម៩០នាក់ប៉ុណ្ណោះ ដែលកំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈ២១នាក់បានស្លាប់៕